ចៅក្រមស៊ើបសួរបញ្ជូនសំណុំរឿងជនត្រូវចោទ ស្រី ស៊ីណា ចំនួន៣បទល្មើស ទៅតុលាការជំនុំជម្រះឆាប់ៗនេះ

CRT News


រាជធានីភ្នំពេញ ÷សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនសំណុំរឿងជនត្រូវចោទ ស្រី ស៊ីណា ពាក់ព័ន្ធបទល្មើសឃាតកម្ម, ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទៅជំនុំជម្រះ ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា កាលពីខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ឋនឹងជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ចំនួន ៣ សំណុំរឿង គឺ÷

១. សំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៩១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ឃា.តកម្ម និងប្រើប្រាស់ អាវុធដោយគ្មានការអនុញ្ញាត។

២. សំណុំរឿងព្រហ្មទណ្ឌលេខ ៤០៥៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ប៉ុនប៉ងឃា.តកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

៣. សំណុំរឿងព្រហ្មទណ្ឌលេខ ៤១៩៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ពីបទ រំលោ.ភលើលំនៅឋាន ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្ងោរ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញ កិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេច បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំង២ ខាងលើនេះ ទៅតុលាការជំនុំជម្រះ តាមដីកាសម្រេចបញ្ជូនសំណុំរឿង ទៅជំនុំជម្រះលេខ ៦៧៨៧ “ង” ដដ និងលេខ ៦៧៨៨ “ង” ដដ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ហើយតុលាការ នឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខនេះ។

រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាននិងកំពុងត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធី ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ ក៏បានទទួលចាត់ការសំណុំរឿងរដ្ឋប្បវេណី ដែលភាគីដើមបណ្ដឹងរដ្ឋប្បវេណីជាសាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា ហើយតុលាការបានចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន នូវទ្រព្យសម្បត្តិនោះ តាមការស្នើសុំរបស់ភាគីដើមបណ្ដឹងរដ្ឋប្បវេណី ។ ក្រោយមក មានបណ្ដឹងតវ៉ារបស់តតិយជនលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងដី ចំនួន១(មួយ)កន្លែង ។ សំណុំរឿងរដ្ឋប្បវេណីទាំង២នេះ តុលាការកំពុងចាត់ការតាមនីតិវិធីច្បាប់ ។

សូមរម្លឹកថា÷ ហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្ស២នាក់ស្លា.ប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៊ីណា គ្រាន់តែទំនាស់រឿងស្នួហាលខោអាវលើរបងព្រំផ្ទះ ដែលនៅជាប់គ្នា ក្នុងបុរីប៉េងហួត ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top