សម្តេចបវរធិបតី សម្រេចបញ្ឈប់ផ្តល់អាជ្ញាប័ណ្ណផលិតស្រាបៀរចែកចាយក្នុងស្រុក

CRT News

រាជធានីភ្នំពេញ÷ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក ប៉ុន្ដែបើផលិតសម្រាប់ការនាំចេញ ទើបរាជរដ្ឋាភិបាលអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ ។

ការប្រកាសបែបនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស ដៅបន្ដ របស់ក្រសួងរ៉ែ និងថាមពលនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីបានឲ្យដឹងថា÷ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៧ហើយ កំពុងផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុក ដូច្នេះ មិនតម្រូវឲ្យមានក្រុមហ៊ុនផលិត ចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា÷ «ឥលូវ Licence (អាជ្ញាប័ណ្ណ) ផលិតស្រាបៀរខ្ញុំឈប់ឲ្យហើយ បច្ចុប្បន្នមាន៧ហើយ ។ បើធ្វើនាំចេញក្រៅ ប្រទេសខ្ញុំឲ្យតែបើធ្វើក្នុងស្រុកខ្ញុំមិនឲ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឲ្យហើយក្រែងមានអ្នកចង់ធ្វើ» ។

ជាមួយគ្នានោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា÷ ការឆ្លើយបដិសេធរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរបស់វិស័យឯកជន ដើម្បីជួយតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជនខណៈទីផ្សារនេះ មិនតម្រូវឲ្យមានបន្ថែមទៀតឡើយ។

ក្រៅពីរោងចក្រផលិតស្រាបៀរដើម្បីចែកចាយក្នុងស្រុកហើយនោះ ត្រង់ចំណុចនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា÷ ចំពោះរាល់គម្រោងវិនិយោគផ្សេងៗ ដែលមានចំនួនច្រើន ហើយបញ្ហាទីផ្សារមានកំណត់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតទៀតនោះដែរ ដើម្បីទុកឱកាសឲ្យអ្នកដែ លទទួលបាន អាជ្ញាប័ណ្ណពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top