រាជធានីភ្នំពេញ÷ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មីបន្ថែមទៀត ក្នុងតំបន់អភិរក្សព្រៃឡង់ និងចារឯកភាពឲ្យបញ្ឈប់ការផ្ដល់រ៉ែ និងអាជ្ញាប័ណ្ណរុករករ៉ែផ្សេងៗក្នុងតំបន់ព្រៃឡង់ផងដែរ ។
ការបញ្ជាក់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្តេចមហាបវរធិបតី ក៏បានបានបញ្ជាក់ឲ្យដឹងថា÷ សម្ដេចទើបសម្រេចឲ្យលុបអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ ដើម្បីរក្សាទុកសម្រាប់វិស័យទេសចរណ៍ ហើយសម្តេចបានណែនាំឲ្យកំណត់តំបន់ច្បាស់លាស់ដែលត្រូវយកថ្មបានផងដែរ ។ ថ្លែងជាសាធារណៈប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា÷ ៖«ខ្ញុំគាំទ្រនូវគោលនយោបាយបស់ក្រសួងធនធានរ៉ែ និងថាមពល ដែលមិនអនុញ្ញាតឲ្យមានប្រតិបត្តិការ ធនធានរ៉ែ នៅក្នុងតំបន់បេតិកភណ្ឌ តំបន់ប្រវត្តិសាស្ត្រវប្បធម៌ ។ ខ្ញុំបានសម្រេចលុប ចោលអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរនៅខេត្តកំពត តាមការស្នើសុំ និងពិនិត្យយោប ល់បច្ចេកទេសរបស់ក្រសួងធនធានរ៉ែ និងថាមពល» ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ÷ ធនធានរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញនោះទេ ប៉ុន្តែគ្រប់ប្រទេសនៅលើសកលលោកត្រូវការជាចាំបាច់ ដើម្បីទាញយក និងប្រើប្រាស់ធនធានរ៉ែសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។ សម្ដេចបន្ថែមថា អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ត្រូវមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងបរិស្ថាន ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា÷ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចបានបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មីបន្ថែមទៀត ក្នុងតំបន់អភិរក្សព្រៃឡង់ និងចារឯកភាពឲ្យបញ្ឈប់ការផ្ដល់រ៉ែ និងអាជ្ញាប័ណ្ណរុករករ៉ែផ្សេងៗក្នុងតំបន់ព្រៃឡង់ផងដែរ ។ សម្ដេចបន្ដថា តំបន់ដែលមានអាជ្ញាប័ណ្ណត្រូវបង្រួមត្រង់កន្លែងណាដែលមិនប្រតិបត្តិការចៀសវាងការទុកចោល និងធ្វើតាមក្របខណ្ឌ ។
ជាមួយគ្នានោះដែរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីណែនាំដល់ក្រសួងរ៉ែ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលខេត្តកំពត ត្រូវចុះទៅត្រួតពិនិត្យ និងអនុវត្តការងារនេះជាប្រញាប់ ដើម្បីអភិរក្សទីតាំងមួយនៅខេត្តកំពត និងរៀបចំធ្វើជាតំបន់បេតិកភណ្ឌ ដោយបង្វែរពីតំបន់យកថ្មកំបោរមកជាតំបន់ទេសចរណ៍សហគមន៍ ៕