ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃ និងគ្រហស្ថ សរុបចំនួន7អង្គ/នាក់ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យធ្វើការចាប់ខ្លួន ខណៈដែលកំពុងតែប្រមូលម្តុំគ្នាផឹកស្រា ក្លែមសាច់ និងចាក់ធុងបាស់កំសាន្ត ដើម្បីអបអរសាទរក្នុងឱកាសអកអំបុក ឈានដល់រំលងអាធាត្រចូល ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2024 នៅក្នុងព្រៃ ក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលថា÷ នៅមុនពេលឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថទាំង 7អង្គ/នាក់ខាងលើនេះ ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងនាំគ្នា ផឹកស៊ី នៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានចាក់ធុងបាស់កងរំពង ផ្ផ្អើលអស់អារុក្ខអារក្សអ្នកតា ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោកអធិការនគរបាលស្រុកសាមគ្គីមុនីជ័យ តែម្តង។
និងដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកំលាំងចុះឡោមព័ទ្ធចាប់ខ្លួន សង្ឃ និង គ្រហស្ថបក្ខពួក ប្រមាណ7នាក់ ព្រមទាំងដកហូតបានម៉ូតូចំនួន3គ្រឿង ផងដែរ។
មន្ត្រីនគរបាលបានបន្តថា÷ ម៉ូតូដែលដកហូតបានទី1.ម៉ាកNex ពណ៌ សលាយខៀវ ពាក់ផ្លាកលេខកណ្តាល 1AD.6713, ទី2.ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1H.9956 និងទី3.ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W.4614 ទូរស័ព្ទដៃចំនួន 7គ្រឿង power bang3គ្រឿង កាបូបលុយចំនួន 2 និងលុយ5មុឺនរៀល, បារី2កញ្ចប់ ដែកកេះ 3, បៀ 1ហ៊ូ ,កំរ៉ាល 1 និងធុងទឹកកក 1។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា÷ ក្រុមក្មេងទំនើងនិងព្រះសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះពុទ្ធសាសនានាំគ្នាផឹកស្រាក្នុងព្រៃ ដែលត្រូវបានសមត្ថកិច្ចនគរបាលបង្ក្រាប និងបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការបន្តតាមធម៌វិន័យ ក្នុងនោះរួមមាន ÷
ទី1- អតីតសង្ឃ ឈ្មោះ ប៉ាង គឹមឈៀង 18ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទី2- អតីតសង្ឃ ឈ្មោះ សយ សុភក្ភ្រា 21ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទី3- អតីតសង្ឃ ឈ្មោះ ម៉ុន វិច្ឆ័យ 23ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ហើយក្រុមបក្ខពួករបស់ព្រះសង្ឃខាងលើរួមមាន÷
ទី1- ឈ្មោះហុង សៀវជា ភេទប្រុស អាយុ 18ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)។
ទី2- ឈ្មោះ ខុន ខុម ភេទប្រុស អាអាយុ25ឆ្នាំ រស់នៅភូមិស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយកន្លែង។
ទី3- ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាអាយុ17ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)។
និងទី៤-ឈ្មោះមាស ប៊ុនណា ភេទប្រុស អាយុ 19ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺដែលបច្ចុប្បន្នធ្វើជា CEO នៅគ្រឹះស្ថានមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនព្រះសង្ឃ និងរួមទាំងគ្រហស្ថសរុប៧អង្គ-នាក់នេះរួចមក សមត្ថកិច្ចនគរបាលបានបញ្ជូនទៅកាន់ការិយាល័យធម្មការស្រុកសាមគ្គីមុនីជ័យ ដើម្បីផ្សឹក និងចាត់ការបន្តតាមផ្លូវច្បាប់។
សមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កូនក្មួយទាំងអស់ ពិសេសពុទ្ធបរិស័ទ លោកតា លោកយាយ មាមីង សូម មេត្តាកុំលើកយកបញ្ហានេះ មកទម្លាក់ជារួមលេីព្រះពុទ្ធសាសនារបស់យើង នេះជាទង្វើពួកទមិឡមួយក្ដាប់តូចតែប៉ុណ្ណោះ ដែលកំពុងតែបបំផ្លាញរប្បធម៌និងសាសនារបស់យើង ៕