ខេត្តតាកែវ ÷ ម្ចាស់គ្លីនិកមួយកន្លែង ចាក់ថ្នាំ បណ្តាលអោយ(ប្រតិកម្មថ្នាំ) និងស្លាប់ស្ត្រីម្នាក់បន្ទាប់ពីប្រតិកម្មភ្លាមៗ ហើយដែលជាគ្រូពេទ្យ បានដឹកយកសពស្ត្រីរងគ្រោះនោះ និងក្មេងស្រីម្នាក់ទៀតអាយុ០៣ឆ្នាំ ដែលមកជាមួយជនរងគ្រោះ យកមកប្លុងចោល ចម្ងាយប្រមាណជាង៣គីឡូមែត្រ ពីផ្ទះជនរងគ្រោះនោះ ។ ដែលកេីតហេតុនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់គ្លីនិកឯកជន ឈ្មោះ ស៊ុន ម៉ារីណា បានហើយ ដើម្បីចាត់បន្តការទៅតាមនីតិវិធីច្បាប់ ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកបាទី បញ្ជាក់ថា÷ នេះជាករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្មស្លាប់) នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព(សុងហាក់ម៉ារីណា) ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
របាយការណ៍បន្តរបស់កងរាជអាវុធហត្ថស្រុកបាទី អោយដឹងបន្តទៀតថា÷ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីល្ងាច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។ ដោយស្ត្រីរងគ្រោះបានប្រាប់ក្រុមគ្រួសារថា÷ ទៅរកពេទ្យ ដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន ។ ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញ យូរពេក ក្រុមគ្រួសារមានការភិតភ័យ ក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២និង០០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ នៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ ។
របាយការណ៍ដដែល អោយដឹងបន្តទៀតថា÷ លុះព្រឹកឡើងម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសព នៅចំណុចគុម្ភសង្កែ ក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ ។
ក្រោយទទួលព័ត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទី និងកម្លាំងប៉ូលិសស្រុក បានចុះដល់ទីតាំងកើតហេតុ ហើយកម្លាំងជំនាញកោសល្យវិច្ច័យ និងពេទ្យបានធ្វើកោសល្យវិច្ច័យទៅលើសពរួចរាល់ហេីយ បានបញ្ជាក់ថា÷ ជនរងគ្រោះបានស្លាប់ ដោយសារប្រតិកម្មនឹងការចាក់ថ្នាំ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា ២នាក់ប្ដីប្រពន្ធ មានឈ្មោះ ៖ ១.ឈ្មោះហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរពេទ្យ និង២.ប្រពន្ធឈ្មោះស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរពេទ្យ បង្អែកស្រុកបាទី មានទីលំនៅភូមិបឹងពញាកគុក ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ ត្រូវបានឃាត់ខ្លួនហើយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕