អភិបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលទ្រង់សព្វព្រះរាជហឫទ័យរាជូបត្ថម្ភនូវព្រះរាជទ្រព្យ ៧លានរៀល ដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ

CRT News

 


រាជធានីភ្នំពេញ÷ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៧.០០០.០០០រៀល ដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤។


សារលិខិតរបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មានសេចក្ដីថា ÷

បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីរគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដោយបានទទួលនូវព្រះរាជទ្រព្យចំនួន ៧.០០០.០០០៛ (ប្រាំពីរលានរៀល) ដែលជាការព្រះរាជទានដ៏ថ្លៃថ្លាបំផុតអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភដល់កងកម្លាំង (ប្រាំលានរៀល) ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ (ពីរលានរៀល) ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤។


ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវកត្តញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ដែលជាការលើកទឹកចិត្តដ៏ធំធេង ដល់កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ ដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីបន្តថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសេវាសុខាភិបាលបឋម និងការសម្អាតអនាម័យ-បរិស្ថាន បម្រើជូនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនា និងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យនេះ ប្រកបដោយភាពអធឹកអធ័ម និងសប្បាយរីករាយយ៉ាងក្រៃលែង។


ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទ សាធុការពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមជួយបីបាច់ថែរក្សា អភិបាល ប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមបានសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top