ខេត្តព្រៃវែង÷ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង ០៨ តុលា ២០២៤ នៅខេត្តព្រៃវែង។
លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា÷ ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ដែលស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោក ការទទួលបានចំណេះដឹងដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងឪពុកម្តាយ ក៏ដូចជាអាព្យាបាល ដោយមានការជ្រោមជ្រែងគ្រប់អ្នកពាក់ព័ន្ធ ពិសេសការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡាខេត្តព្រៃវែងកាន់តែរីកចម្រើនជាបន្តបន្ទាប់។
លោកអភិបាលខេត្តបានបញ្ជាក់ថា÷ ក្នុងនោះកាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តព្រៃវែងមានបេក្ខជនដាក់ពាក្យប្រឡង ៨,៣៧៣នាក់ (ស្រី ៤,៦២៩នាក់)។ បេក្ខជនមកប្រឡង ៨,២៧៣នាក់ (ស្រី ៤,៥៩២នាក់)។ បេក្ខជនប្រឡងជាប់ ៦,៧៨៩នាក់ (ស្រី ៤,០០០នាក់) ស្មើនឹង ៨២.០៦% ក្នុងនោះមាន÷
* សិស្សជាប់និទ្ទេស A មានចំនួន ១១៩នាក់ (ស្រី ៧១នាក់) កើនឡើង ៣៤នាក់។
* សិស្សជាប់និទ្ទេស B មានចំនួន ៧៦៧នាក់ (ស្រី ៤៨៣នាក់)។
* សិស្សជាប់និទ្ទេស C ចំនួន ១,៥៨៣នាក់ (ស្រី ១,០២៣នាក់)។
* សិស្សជាប់និទ្ទេស D ចំនួន ២,២៩៤នាក់ (ស្រី ១,៣៤២នាក់)។
* សិស្សជាប់និទ្ទេស E ចំនួន ២,០២៨នាក់ ស្រី ១,០៨២នាក់)។
ក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា÷ សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស និងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។
ឯកឧត្តម អភិសន្តិបណ្ឌិតបានបន្តថា÷ ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ជាក់ស្តែងសម្តេចបានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។
ឯកឧត្តម អភិសន្តិបណ្ឌិតបន្តទៀតថា ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជាមានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមានមោទនៈ។
បន្ថែមលើសពីនេះ ឯកឧត្តម
អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា÷ លទ្ធផលដែលដែលក្មួយៗទទួលបានដូចនេះ ស បញ្ជាក់ឱ្យឃើញថា ÷លោកគ្រូ/អ្នកគ្រូ ពិតជាមានសមត្ថភាព មនសិការវិជ្ជាជីវៈខ្ពស់ និងការយកចិត្តទុក្ខដាក់ ដោយបានបញ្ចេញអស់ពីកម្លាំងកាយចិត្តគួរឱ្យកោតសរសើររួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយកិត្តិយស និងភាពថ្លៃថ្នូរជាទីបំផុត។
សូមបញ្ជាក់ថា÷ ឯកឧត្តម អភិសន្តិបណ្ឌិតបានផ្ដល់នូវថវិកាឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១១៩នាក់ ក្នុង១នាក់ទទួលបាន ថវិកាចំនួន $៣០០ សរុបថវិកាចំនួន $៣៥,៧០០ និងនាយកសាលា ២៨នាក់ ក្នុង១នាក់ ថវិកាចំនួន ២០០,០០០រៀល សរុបថវិកាចំនួន ៥,៦០០,០០០រៀល ផងដែរ៕