សម្តេចធិបតីហ៊ុន ម៉ាណែត ÷អ្នកនយោបាយជ្រុលនិយមបានបោកពលរដ្ឋនៅភូមិបឹងជង្រុក តេជោឈ្នះ-ឈ្នះ

CRT News

ខេត្តបន្ទាយមានជ័យ÷ ថ្លែងពីទឹកដីខេត្តបន្ទាយមានជ័យ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងឱ្យដឹងថា÷ នាពេលកន្លងទៅ អ្នកនយោបាយជ្រុលនិយមបានបោកប្រជាពលរដ្ឋនៅភូមិបឹងជង្រុក តេជោឈ្នះ-ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ឱ្យចូលរួមសកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងដុតសង្គមកម្ពុជា។


ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា÷ ជាពិសេសថ្មីៗនេះ អ្នកនយោបាយជ្រុលនិយម ក៏បានបោកបញ្ឆោតឱ្យយុវជននៅកម្ពុជា រស់នៅក្រៅប្រទេស ដូចជា÷ ជប៉ុន កូរ៉េ ធ្វើបាតុកម្ម ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។


សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា÷ «អ្នកនយោបាយមួយចំនួនហៅ (ហៅពលរដ្ឋភូមិបឹង ជង្រុកតេជោឈ្នះ- ឈ្នះ) ទៅស្ទឹងមានជ័យ ហើយសន្យានេះ សន្យានោះ ។ ប៉ុន្ដែខែមុនគេ ប្រើក្មេងៗនៅជប៉ុនដុតប្រទេស»។


នាឱកាសនោះ សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីបានលើកឡើងថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ របស់ខេត្តបន្ទាយមានជ័យ គឺជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ ចំនួន២ រួមមាន÷ ១-កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២-គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី។


យ៉ាងណាក្តី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា÷ រាជរដ្ឋាភិបាលធ្វើយ៉ាងណាធានា សុខសន្តិភាពជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។សម្តេចបានអំពាវនាវដល់ ប្រជា ពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេស ដើម្បីជីវភាពប្រជាពលរដ្ឋទាំងអស់គ្នា៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top