រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភា បានសម្រេចស្នើឲ្យរដ្ឋសភា កែសម្រួលខ្លឹមសារមួយចំនួនរបស់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។
ការសម្រេចនេះ នៅក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ ដោយឱ្យយោបល់ឯកភាពទាំងស្រុង ក្នុងសម័យប្រជុំរបស់ខ្លួន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៥៦រូប។
អង្គប្រជុំព្រឹទ្ធសភា បានឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។
គោលបំណង នៃការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺដោយផ្អែកលើសមិទ្ធផលនៃ “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឈានដល់ការសម្រេចគោលដៅជាតិរបស់ខ្លួន ហើយជឿជាក់ថា ប្រទេសនីមួយៗ មានសមត្ថភាពពេញលេញ ក្នុងការបន្ត និងធានាបាន នូវការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងប្រទេសរៀងៗខ្លួន និងការវាយតម្លៃយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងជាផ្លូវការ ស្តីពីការដកខ្លួនរបស់កម្ពុជាចេញពី អនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃប្រទេសទាំងបី ស្តីពីគោលនយោបាយអនុគ្រោះ ជាពិសេសសម្រាប់តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាហេតុនាំឱ្យកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ត្រូវបាត់បង់សុពលភាពតាមអនុស្សរណៈគោល ផងដែរ ។
ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួម នៃសេចក្តីព្រាងច្បាប់នេះ និងការពិចារណាគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងតម្រូវការ និងគោលបំណងដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដែលបានដកខ្លួនចេញពីអនុស្សរណៈ ក៏ដូចជាការធ្វើឱ្យបាត់បង់សុពលភាព នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ព្រឹទ្ធសភាបានស្នើរដ្ឋសភា កែសម្រួល ចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តីព្រាងច្បាប់នេះ ។
នៅល្ងាចថ្ងៃដដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
អង្គប្រជុំបានអនុម័តប្រគល់ភារកិច្ច ពិនិត្យនិងសិក្សាយោបល់របស់ព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និង គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ ៕