រដ្ឋបាលរាជធានីភ្នំពេញប្រកាសអនុវត្តវិធានការច្បាប់ចំពោះទីតាំងផ្ញើម៉ូតូខុសច្បាប់ ឬលើសពីតម្លៃនៃកិច្ចសន្យា

CRT News


រាជធានីភ្នំពេញ÷ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្នុងកិច្ចប្រជុំនេះ លោក ឃ្លាំង ហួត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងក្នុងការការពារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ 


ក្នុងនោះ រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវសំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បានលើកឡើងអំពីកង្វល់នូវបញ្ហានៃតម្លៃផ្ញើមធ្យោបាយរបស់ពួកគាត់ថ្លៃ។ 


ក្នុងកិច្ចប្រជុំខាងលើនេះ ដើម្បីដោះស្រាយនិងឆ្លើយតបចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការច្បាប់គ្រប់ទីតាំងផ្ញើម៉ូតូខុសច្បាប់ ជាពិសេសទីតាំងផ្ញើម៉ូតូដែលយកតម្លៃផ្ញើលើសពីកិច្ចសន្យាឬការព្រមព្រៀងជាមួយអាជ្ញាធរ។ 

ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា÷ ប្រសិនបងប្អូនប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាអំពីការផ្ញើតម្លៃលើសនោះ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ ឬផ្ញើសារមកកាន់រដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្ត និងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងសមត្ថកិច្ចតាមគោលដៅទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលខណ្ឌនីមួយៗ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋដែលសប្បាយរីករាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top