រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរកឃើញទីតាំងសង្វៀនជល់មាន់មួយកន្លែង ហើយក៏បានចុះទៅឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនក្រុមអ្នកជល់មាន់បានមួយចំនួន ចំណែកជាច្រើននាក់ទៀតបានរត់គេចរួចបាត់ស្រមោល ។
ប្រតិបត្តិការនោះបានធ្វើឡើង កាលពីវេលាម៉ាងជាង១១ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចដីទំនេរមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ បាននិយាយថា ៖ក្រុមអ្នកជល់មាន់ជាច្រើននាក់ បានបង្កើតសង្វៀនជល់មាន់មួយកន្លែងនោះ ដោយមានអ្នកកាងល្បែងនិងមានក្រុមអ្នកចាំមេីលផ្លូវផងដែរ ហើយកន្លងមក ពួកគាត់តែងតែណាត់គ្នាពីខាងក្រៅ ដោយត្រូវរ៉ូវគ្នាហើយ ទើបយកមាន់១គូរ ឬ ២គូរ ទៅជល់ភ្នាល់ដាក់លុយនៅសង្វៀននោះ ។ ភាគច្រើនពួកគេជល់មាន់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងថៃ្ងបុណ្យទានផងដែរ។ ហើយក្រោយមក ក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជរាជធានីភ្នំពេញ ស្រាវជ្រាវដឹង ក៏បានចុះទៅឆ្មក់បង្ក្រាបតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា៖ ខណៈពេលឃើញនគរបាលចុះទៅដល់ ក្រុមអ្នកជល់មាន់ទាំងនោះ បាននាំគ្នារត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលឃាត់ខ្លួនបានចំនួន៨នាក់ និងដកហូតមាន់គក២ក្បាល និងម៉ូតូ១គ្រឿង រីឯជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួនរួចបាត់ស្រមោលតែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនអ្នកទាំងនោះហើយ សមត្ថកិច្ចបាននាំទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕