រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនសង្កាត់ចោមចៅ ២ ខណ្ឌពោធិសែនជ័យ និងស្ត្រីម្នាក់ជួញដូរគ្រឿងញៀន បន្ទាប់ពីបែកធ្លាយសារសម្លេងចៅសង្កាត់ចោមចៅ ២ ទារលុយពីស្ត្រីជួញដូរគ្រឿងញៀនម្នាក់នោះ ហើយដែរសារសម្លេងសន្ទនាត្រូវបានបង្ហោះលើបណ្តាញសង្គមដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នេះថា ៖ ជុំវិញបែកធ្លាយសម្លេងចៅសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលទាមទារប្រាក់ចំនួន ១លានរៀល ពីស្ត្រីម្នាក់ដែលសង្ស័យជួញដូរគ្រឿងញៀនដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម និងតាមបណ្តាសារព័ត៌មានមួយចំនួននោះ គឺចៅសង្កាត់រូបនេះត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ត្រីដែលថតសម្លេងចៅសង្កាត់ ហើយមានការបង្ហោះបែកធ្លាយសម្លេងពាក់ព័ន្ធនឹងការទាមទារប្រាក់របស់ចៅសង្កាត់ចោមចៅ២ គឺក៏ត្រូវបានឃាត់ខ្លួនដែរ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ កិច្ចការងារនេះ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ហើយចៅសង្កាត់ចោមចៅ២ ក៏បានទទួលសារភាពថា សម្លេងនោះគឺពិតជាសម្លេងរបស់ខ្លួនពិតប្រាកដមែនដែលមានការទំនាក់ទំនងតាមទូរស័ព្ទជាមួយស្ត្រីម្នាក់សង្ស័យជួញដូរគ្រឿញៀន។ ហើយស្ត្រីរូបនោះ ក៏បានទទួលសារភាពថាខ្លួនក៏ធ្លាប់បានធ្វើការលក់ចែកចាយគ្រឿងញៀនចំនួនពីរដងផងដែរ។ ហើយកិច្ចការងារនេះ ខាងជំនាញកំពុងតែរៀបចំឯកសារដើម្បីបញ្ជូនទៅតាមនីតិវិធី នៃច្បាប់៕