សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអភិបាលក្រុង និងបងប្អូនបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យ ក្នុងព្រះរាជពិធីបុណ្យអុំទូក

CRT News

រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអំណរគុណ លោកអភិបាលរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានជួយបោសសំអាត និងគ្រប់គ្រងអនាម័យ នៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព។


តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «សូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព»។


សូមរំលឹកថា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថា៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក គិតចាប់ម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top