ក្រសួងមហាផ្ទៃ៖ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវបានបែងចែកពីគ្នាដាច់ស្រឡះ ទាំងនីតិវិធីនៃការធ្វើ

CRT News


រាជធានី​ភ្នំពេញ÷ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បាន​បញ្ជាក់​ថា ផ្អែក​តាម​សេចក្តីណែនាំ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ ត្រូវ​បាន​បែងចែក​ពី​គ្នា​ដាច់​ស្រឡះ ទាំង​នីតិវិធី នៃ​ការ​ធ្វើ ឯកសារ​តម្រូវ ពេលវេលា​ទទួល​សេវា សារៈសំខាន់​នៃ​ការ​ប្រើប្រាស់ និង​ការ​ប្រែប្រួល នៃ​ស្ថានភាព​សាមីជន ឬ​គ្រួសារ​នីមួយ​ៗ ។


យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​មហាជន ដែល​បាន​សួរ​ថា÷ «​តើ​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ ខុស​គ្នា​ដូច​ម្តេច ?​» លោក​បណ្ឌិត ទូច សុ​ឃៈ បាន​ផ្ដល់​ចម្លើយ​ជូន​ងាយ​ៗ​យល់​ថា ភាព​ខុស​គ្នា នៃ​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ មាន​ដូច​ខាងក្រោម ៖

១. សៀវភៅ​ស្នាក់​នៅ ÷ ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​ជា​វិធាន​នគរបាល ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស ដែល​ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន​នីមួយ​ៗ រួម​ទាំង​លំនៅ​ឋាន​នៃ​ទីតាំង​ប្រមូលផ្តុំ​។ សៀវភៅ​នេះ ពុំ​អាច​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង ឬ​បញ្ជាក់​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំនៅ​ឋាន​បាន​ឡើយ និង​ផ្តល់​បាន​តែ​មួយ​គត់ ជូន​ចំពោះ​បុគ្គល ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ ដែល​ជា​ម្ចាស់ ឬ​ជា​អ្នក​ជួល​កំពុង​ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន​អចិន្ត្រៃយ៍​ណាមួយ​ជា​កំណត់ ទោះ​បុគ្គល ឬ​គ្រួសារ ឬ​ក្រុម​គ្រួសារ​នោះ​មាន​លំនៅ​ឋាន​លើស​ពី​មួយ​ក៏​ដោយ​។ មាន​ន័យ​ថា ប្រជាពលរដ្ឋ​ស្នាក់​នៅផ្ទះ​ជួល​ក៏​អាច​ធ្វើ​សៀវភៅ​ស្នាក់​នៅ​បាន​ដែរ ។

ជាមួយ​គ្នា​នេះ បុគ្គល​ដែល​ត្រូវ​ចុះបញ្ជី​ស្នាក់​នៅ និង​ផ្តល់​សៀវភៅ​ស្នាក់​នៅ គឺ​ប្រជាពលរដ្ឋ​គ្រប់​រូប រួម​ទាំង​ជនបរទេស​អន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ស្នាក់​នៅ និង​ទទួល​បាន​សៀវភៅ​ស្នាក់​នៅ​មួយ​ជា​កំណត់​លំនៅ​ឋាន ដែល​ខ្លួន​ស្នាក់​នៅ​អចិន្ត្រៃយ៍ ។


ចំណែក​បុគ្គល ដែល​មិន​ត្រូវ​ចុះបញ្ជី​ស្នាក់​នៅ និង​ផ្តល់​សៀវភៅ​ស្នាក់​នៅ គឺ​ជនបរទេស​មិនមែន​អន្តោប្រវេសន៍ ដូច​មាន​ចែង​ក្នុង​ច្បាប់ ស្តី​ពី​អន្តោប្រវេសន៍ ជនបរទេស​ចូល និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កង​យោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និង​កងកម្លាំង​នគរបាល​ជាតិ ដែល​កំពុង​រស់នៅ​ប្រមូលផ្តុំ ក្នុង​បន្ទាយ​មិន​ចាត់ទុកជា​លំនៅ​ឋាន ប៉ុន្តែ​បុគ្គល​ទាំងនោះ​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ស្នាក់​នៅ​តាម​លំនៅ​ឋាន​អចិន្ត្រៃយ៍ ជាមួយ​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ។

ឯកសារ ដែល​តម្រូវ​ភ្ជាប់​ក្នុង​ការ​ស្នើ​សុំ​សៀវភៅ​ស្នាក់​នៅ​រួម​មាន ៖ សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍​(​បើ​មាន​) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតអនុញ្ញាត​ផ្លាស់​ប្តូ​ទីលំនៅ​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្លែង​ចាស់ ដែល​សាមីខ្លួន​ធ្លាប់​រស់នៅ (​ប្រសិនបើ​មានការ​ផ្លាស់​ប្តូរ​ទីកន្លែង​ស្នាក់​នៅ​) ។

២. សៀវភៅ​គ្រួសារ ÷ គឺជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​បញ្ជាក់​ពី​ចំណង​ញាតិ​ភាព ដែល​មាន​សញ្ជាតិ​ខ្មែរ​រួម​មាន​សហ​ព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​) កូនបង្កើត ឬ​កូន​ស្មុំ​។ សៀវភៅ​នេះ ពុំ​អាច​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​ជា​ឯកសារ​សម្រាប់​អះអាង ឬ​បញ្ជាក់​ពី​ភាព​ជា​កម្មសិទ្ធិ​លើ​លំនៅ​ឋាន​បាន​ឡើយ​។ បុគ្គល​ត្រូវ​ចុះបញ្ជី​គ្រួសារ និង​ផ្តល់​សៀវភៅ​គ្រួសារ គឺជា​គ្រួសារ ដែល​មាន​សមាជិក​ជា​សញ្ជាតិ​ខ្មែរ និង​កំពុង​រស់នៅ​អចិន្ត្រៃយ៍ លើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ចំពោះ​សមាជិកគ្រួសារ ដែល​មាន​សញ្ជាតិ​ខ្មែរ ហើយ​កំពុង​រស់នៅ​ក្រៅប្រទេស ត្រូវ​បាន​ចុះ​ឈ្មោះ​ជាមួយ​ឪពុក​ម្តាយ ដែល​កំពុង​ស្នាក់​នៅ​អចិន្ត្រៃយ៍ លើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំណែកឯ​បុគ្គល ដែល​មិន​ត្រូវ​ចុះបញ្ជី​គ្រួសារ និង​ផ្តល់​សៀវភៅ​គ្រួសារ គឺ​ជន​ប្រទេស​គ្មាន​សិទ្ធិ​ចុះបញ្ជី​គ្រួសារ និង​ប្រើប្រាស់​សៀវភៅ​គ្រួសារ​នេះ​ឡើយ ។


ឯកសារ ដែល​តម្រូវ​ភ្ជាប់​ក្នុង​ការ​ស្នើ​សុំ​សៀវភៅ​គ្រួសារ​រួម​មាន ៖ សៀវភៅ​ស្នាក់​នៅ សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សំបុត្រ​អាពាហ៍ពិពាហ៍ (​បើ​មាន​) ។

បើ​តាម​លោក ទូច សុ​ឃៈ ពី​មុន​ឡើយ ការ​ធ្វើ​សៀវភៅ​គ្រួសារ ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី និង​ដោយ​មាន​សម្ដេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​សេនាធិការ បាន​សម្រេច​ផ្ទេរ សិទ្ធិ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​មក​ឱ្យ​នៅ​ត្រឹម​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ ខណៈ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ ក៏​បាន​បន្ត​ផ្ទេរសិទ្ធិ​ធ្វើ​ពី​អធិការដ្ឋាន មក​ត្រឹម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ សង្កាត់ ។

អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ទៀត​ថា ការ​ផ្តល់​សេវា​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ គឺ​ពុំ​តម្រូវ​ឱ្យ​បង់ប្រាក់​នោះ​ឡើយ ដោយ​សេវា​សៀវភៅ​គ្រួសារ ប្រសិនបើ​ពលរដ្ឋ​អ្នក​ស្នើ​សុំ​មាន​ឯកសារ​គ្រប់ និង​ត្រឹមត្រូវ​ហើយ គឺ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ដូច​គ្នា​ដែរ សៀវភៅ​ស្នាក់​នៅ​គឺ​តែ​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ​។ ប្រសិនបើ​មាន​បញ្ហា មិន​ប្រក្រតី​ណាមួយ​កើតឡើង ពលរដ្ឋ​អាច​ទំនាក់ទំនង​សួរនាំ ឬ​រាយការណ៍​មក​កាន់​លេខ​ទូរ​សព្ទ 1271 ឬ 017 898 915 ដោយ​ឥត​គិតថ្លៃ​រៀង​រាល់​ម៉ោង​ធ្វើការ ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top