ខេត្តត្បូងឃ្មុំ ÷ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា÷ ក្មេងទំនើងដែលបានប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះស្លាប់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយគេចខ្លួនជាងមួយឆ្នាំ កាលពីឆ្នាំ២០២៣ គឺដូចពាក្យចាស់ពោលថា÷ «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកបាននោះទេ»។
ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការជាមួយ កម្លាំងនគរបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅវេលាម៉ោងប្រមាណ ២០និង៣០ នាទី នៅចំណុចមុខវិទ្យាស្ថានជាតិអប់រំ ផ្លូវសុរាម្រិត ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជំនាញនគរបាលយុត្តិធម៌ សហការជាមួយ ជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៦២ ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ ឡេង កាទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ពីបទ «ហិង្សាចេតនាមានស្ថានទម្ងន់ទោស» ដោយសារមរណភាពលើជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៧ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ ៕