រាជធានីភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដោះស្រាយបញ្ហានៅតាមបុរី ត្រូវធ្វើកិច្ចការពីរ គឺទី១) ការដោះស្រាយវិវាទ និងទី២) ការធានាការរស់រាននៃវិស័យអចលនទ្រព្យ។
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី បញ្ហានៅតាមបុរី កើតឡើងដោយសារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា÷ «(វិវាទបុរី) ទី១ ដោះស្រាយចំពោះមុខ និងទី២ ការធានាការរស់រានមានជីវិតនៃវិស័យអចលនទ្រព្យ។ យើងដោះស្រាយបែបណា កុំឲ្យមានភាពច្របូកច្របល់ [...] បើដោះស្រាយមិនស្រួល មិនដឹងចាប់ខ្លួននរណាខ្លះទេ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា÷ ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលមានពីមុនមក ប៉ុន្តែវិវាទបុរីនេះជារឿងថ្មី ដែលប្រវត្តិសាស្ត្រប្រទេសយើងអត់ដែលមានទេ នៅក្នុងទ្រង់ទ្រាយធំបែបនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា÷ ក្នុងជម្លោះបុរីចំនួន ៩៩គម្រោង ដោះស្រាយបាន ៥៣គម្រោង ហើយបញ្ហាជម្លោះនៅតាមបុរី បើដោះស្រាយមិនបានត្រឹមត្រូវនឹងក្លាយទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរ៕