ខេត្តសៀមរាប÷ លោកអ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកពួក និងក្នុងក្រុងសៀមរាប និងធ្វើការណែនាំដល់ប្រជានេសាទ កុំឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងធ្វើយ៉ាងណាឱ្យផលត្រីមានការកើនឡើងវិញ ។
ក្នុងនោះដែរ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងចម្រុះបានឱ្យដឹងថា÷ នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប, លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប, លោកសោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប, លោកថ្លៃ ចិន អភិបាលរងនៃគណៈអភិបាលស្រុកពួក, លោក ខា អ៊ីត អនុប្រធានការិយាល័យវិវាទកម្ម, លោកនាយនាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី កងកម្លាំងប្រដាប់អាវុធ សហគមន៍នេសាទចុងឃ្នៀស និងសហគមន៍នេសាទកែវពណ៌ ដើម្បីចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រក្រុងសៀមរាប និងស្រុកពួក ។
លោកអភិបាលរងខេត្តបន្តថា ÷ក្រុមការងារចម្រុះបានធ្វើការរុះរើ និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលនេសាទដោយប្រើឧបករណ៍ លប រ៉ាវ ដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ បានចំនួន០១ ករណី៖ក្បាលលបចំនួន១២គ្រឿង-របាំងសាច់អួន ប្រវែង ១២០០ ម៉ែត្រ-ចម្រឹង ចំនួន៦០០ដើម-ព្រលែងត្រីចម្រុះ ចំនួន៣០គីឡូក្រាម ។
ក្នុងឱកាសនោះដែរ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា÷ ជារឿយៗក្រុមការងារចម្រុះ បានបើកយុទ្ធនាការចុះទៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ដែននេសាទទាំងអស់ នៅជាប់បឹងទន្លេសាប ដោយចាប់ផ្ដើមចុះអនុវត្តពីចំណុចសង្កាត់ចុងឃ្នៀស ឃុំកែវពណ៌ ឃុំកំពង់ភ្លុក ឃុំកំពង់ឃ្លាំង និងឃុំអន្លង់សំណរ ដែលជាតំបន់នៅជាប់មាត់បឹងទន្លេសាបនៃខេត្តសៀមរាប ។
លោកទា គឹមសុទ្ធ បានបញ្ជាក់ថា÷ ការងារសំខាន់គឺដើម្បីធ្វើការអប់រំ ដល់សហគមន៍នេសាទផង និងដើម្បីដាស់ស្មារតី អ្នកនេសាទផង មិនឱ្យគាត់ធ្វើនេសាទខុសច្បាប់តទៅទៀត ប្រសិនបើយើងមិនចុះទៅបង្ក្រាបទេ គាត់ចេះតែហ៊ាននេសាទលើសពីកម្រិតដែលយើងកំណត់ជូន ដូច្នេះវាអាចនឹងបាត់បង់ជីវចម្រុះទាំងអស់នោះក្នុងបឹងទន្លេសាប ។
បច្ចុប្បន្ន អាជ្ញាធរខេត្តសៀមរាប ក៏បានជំរុញឲ្យមន្ត្រីជលផលក៏ដូចជា÷ អាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ដូចភ្លៀងរលឹមផងដែរ ៕