ខេត្តកណ្តាល ៖ ក្រោយក្រុមឈ្មួញនាំចូល «បង្កងរស់» បានដាក់ពាក្យប្ដឹង លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលខេត្តកណ្ដាល, ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យមេធាវីរដ្ឋបាលខេត្ត សិក្សាពិនិត្យតាមផ្លូវច្បាប់ជាបន្ទាន់ លើបណ្តឹងរបស់ក្រុមឈ្មួញដែលនាំចូល «បង្កងរស់» ដែលប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់នូវតម្លាភាព និងយុត្តិធម៌។
សូមបញ្ជាក់ថា ៖ អាជីវករអ្នកដឹក «បង្កង» ពីវៀតណាម ចូលមកលក់នៅកម្ពុជា តាមច្រកទ្វារព្រំដែន(អន្តរជាតិក្អមសំណ)ស្រុកលើកដែក ខេត្តកណ្តាល បានសម្ដែងការឈឺចាប់ ដោយអះអាងថា ៖ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល តែងតែធ្វើទុក្ខបុកម្នេញ ដោយចាប់រថយន្តដឹក «បង្កង» របស់ខ្លួន និងចាប់អាជីវករផ្សេងទៀត គាបយកលុយម្ដងៗ ចាប់ពី 60 លានរៀលទៅ 12 លានរៀល ក្រោមហេតុផលថា ៖ អាជីវករដឹក «បង្កង» លើសចំណុះ ឬពុំមានលិខិតបញ្ជាក់គុណភាព«បង្កង»ជាដើម។ល។
យោងតាមពាក្យបណ្ដឹង របស់អាជីវករឈ្មោះ ចឹង បៀង ដែលបានប្ដឹងលោក ហេង សុភារិទ្ធ ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី11 ខែកញ្ញា ឆ្នាំ2024 ដោយហេតុផលនៃបណ្ដឹងនោះ គឺសុំប្តឹងឈ្មោះ ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលពីបទ«ធ្វើអោយខូចខាតដោយចេតនា និងប្រព្រឹត្តអំពើពុករលួយ»។
អាជីវករ ឈ្មោះ ចឹង បៀង បានលើកឡើងថា ៖ កាលពីខែមិថុនា ឆ្នាំ2024 លោក ហេង សុភារិទ្ធ បានចាប់ឡានដឹក «បង្កង» រស់របស់ខ្លួន នៅចំណុចផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ដោយទាមទារអោយបង់ប្រាក់ពិន័ចំនួន 12លានរៀល ដោយចោទថា ដឹកលើសចំណុះ ដែលខណៈ
ពេលចាប់នោះ លោក ហេង សុភារិទ្ធ គាត់មិនបានសួររកលិខិតបញ្ជាក់គុណភាពបង្កងនោះសោះឡេីយ។
ប៉ុន្តែដោយមិនចង់មានរឿងវែងឆ្ងាយ និងខ្លាច «បង្កង» ងាប់ផងនោះ លោកក៏បានបង់ប្រាក់ចំនួន 12លានរៀល ឱ្យទៅលោក ហេង សុភារិទ្ធ តាមការទាមទារនិងពិន័យ ដោយពេលនោះ ខ្លួនលោកមិនទទួលបានវិក្កយប័ត្រ ផាកពិន័យចូលរដ្ឋនោះឡេីយ ពោលគឺ លោក ហេង សុភារិទ្ធ យកលុយដាក់ហោប៉ាវទាំងស្រស់ៗតែម្តង។
លោក ចឹង បៀង ដែលជាអាជីវករ
បន្តទៀតថា៖ លុះដល់យប់ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ2024 ស្រាប់តែលោក ហេង សុភារិទ្ធ បានដឹកនាំកម្លាំង ចាប់ឡានដឹក«បង្កង» រស់ របស់ខ្លួនម្តងទៀត ដោយថា មានលិខិតអនុញ្ញាតដឹកជញ្ជូន ប៉ុន្តែមិនមានលិខិតបញ្ជាក់ពីគុណភាព«បង្កង»ឡេីយ។
ខណៈនោះលោក ចឹង បៀង ក៏បានបញ្ជាក់ថា៖ «បង្កង» ដែលលោកបាននាំចូលមកនេះ គឺជា«បង្កង»រស់ និងមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីមន្ត្រីជំនាញនិងមន្ត្រីគយព្រំដែន ប៉ុន្តែលោក ហេង សុភារិទ្ធ មិនស្ដាប់ហេតុផលទាំងនោះឡើយ។
លុះក្រោយពេលចាប់យកទៅដល់ស្ថានីយ៍ទួក្រសាំង ប្រើពេលអស់ជាច្រើនម៉ោង ក៏បណ្ដាលឱ្យ «បង្កង» របស់គាត់ងាប់អស់រលីងនិងធុំក្លិនស្អុយទៀតផងដែរ។
បើតាម លោក ចឹង បៀង ខ្លួនមិនបដិសេធ ក្នុងការបង់ប្រាក់ពិន័យនោះទេ! ប៉ុន្តែអ្វីដែលធ្វើឱ្យលោក ឈឺចាប់ខ្លាំងបំផុតនោះ និងមិនអាចទទួលយកបានថែមទៀតនោះ
គឺលោក ហេង សុភារិទ្ធ ចាប់ «បង្កង» យកទៅទុកចោលរហូតងាប់និងស្អុយអស់រលីង ដែលជាហេតុនាំឱ្យរូបលោករងការខាតបង់យ៉ាងធ្ងន់ធ្ងរថែមទៀតផង។
លោក ចឹង បៀង បានបញ្ចាក់ទៀតថា៖ លោក ហេង សុភារិទ្ធ យកឋានៈនិងតួនាទីខ្លួន មកប្រមូលលុយពីពួកគាត់ ជាអ្នករកស៊ីឥតឈប់ឈរ ដែលពួកយើងមានភស្តុតាងច្បាស់លាស់ ដោយមានការវេរប្រាក់តាមរយៈតាមរីង និងតាម ABA និងអោយផ្ទាល់ដៃថែមទៀតផងដែរ។
ប្រភពដដែលបន្តថា៖ លោក ហេង សុភារិទ្ធ មកប្រមូលលុយពីអ្នករកស៊ីប្រចាំខែ ហើយបែរជាបញ្ជាឲ្យស្ទាក់ចាប់ឃាត់ចាប់ (រថយន្តដឹកត្រី និងដឹកបង្កង) ដោយយកលេសថា÷ ដឹកលើសលិខិតអនុញ្ញាតិនិងខុសនេះខុសនោះ ទោះបីជាពួកយើងខ្ញុំ មានលិខិតអនុញ្ញាតពីរដ្ឋបាលជលផលហើយក៏ដោយ។
លោក ចឹង បៀង ក៏ប្រៀបធៀបដែរថា៖ សម្រាប់ក្រុមហ៊ុន TRANSPORTATION OF FISH AND FISHERY PRODUCTS EXPORT IMPORT ដែលលោក ហេង សុភារិទ្ធ ជាអ្នកកាងនៅពីក្រោយ
ទោះមានលិខិតអនុញ្ញាតឲ្យដឹកត្រឹមតែ300 ទៅ400 គីឡូក្រាមក៏ដោយ ប៉ុន្តែក្រុមហ៊ុនមួយនេះ អាចដឹកលើសទម្ងន់ និងធ្វើចរាចរណ៍លើដងផ្លូវ បានតាមចិត្ត ដោយមិនមានការចាប់ឬផាកពិន័យនោះឡើយ។
មហារង់ចាំមេីលថា៖ តេីវាសនា ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលខេត្តកណ្តាល និងក្លាយជាយ៉ាងណា? អស់តំណែងហើយ ឬជាប់គុកទៀត? ដែលករណីគាបក.ពីសំណាក់ក្រុមឈ្មួញដែលរកស៊ីដឹក«បង្កង»រស់នាំចូលប្រទសខ្មែរនេះ៕