រាជធានីភ្នំពេញ÷ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)លោក សយ ច័ន្ទវិចិត្រ បានឲ្យដឹងថា÷ ACU បានឃាត់ខ្លួនស្ត្រី២នាក់ ដែលពួកគាត់បានឃុបឃិតគ្នាយកលុយ៣០ម៉ឺនដុល្លារទៅលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការឲ្យកូនចូលជាមន្រ្តីគយ ទៅតុលាការនៅព្រឹកថ្ងៃ២៩ វិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក សយ ច័ន្ទវិចិត្រ បានប្រាប់បណ្តាញផ្សព្វផ្សាយសារពត័មានអោយបានដឹងថា ÷ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
អង្គភាពប្រឆាំង អំពើពុករលួយបានបញ្ជូនសំណុំរឿង មួយមានជនសង្ស័យ២រូប ដែលអង្គភាពបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ វិច្ឆិកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
លោកបន្តថា ÷ ស្រ្តីទាំង២នោះមានឈ្មោះ÷ ទី១. ឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី ជាអាជីវករ និង២. ហ៊ើង ទិត្យរាត្រីលក្ខណ៍ ភេទស្រី ជាអាជីវករ។
លោក សយ ច័ន្ទវិចិត្រ បានរៀបរាប់បន្តទៀតថា÷ អ្នកទាំង២នេះជាប់សង្ស័យពីបទ«ប៉ុនប៉ងសូកប៉ាន់» ដើម្បីឲ្យបានចូលក្របខណ្ឌគយ (កូនរបស់ឈ្មោះ ឆាយ សុវណ្ណារី) រស់នៅខេត្តបាត់ដំបង ដោយបានចំណាយប្រាក់ចំនួន៣០ម៉ឺនសូកប៉ាន់ ។ ដោយឈ្មោះ ឆាយ សុវណ្ណារី បានសូកប្រាក់តាមរយៈ ឈ្មោះ ហ៊ើង ទិត្យរាត្រីលក្ខណ៍ ទៅឲ្យលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីស្វែងរកច្រកចូលគយ។
សូមបញ្ជាក់ថា÷ ការបន្តការចាប់ខ្លួន បក្សពួក ក៏ដូចជាអ្នកសុីសំណូកសូកប៉ាន់ របស់ក្រុម លោក លី សាម៉េត ហៅ (គ្រូមា) គឺជាប្រវត្តិសាស្ត្រក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមជ្ឈដ្ឋានទូទៅក៏សូមសំណូមពរ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សូមបន្តទៀត ក្នុងការជីកកកាយដល់ឬស្សគល់ ព្រោះក្រុមគ្រូមា នេះ មិនអាចធ្វើការឬសុីតែពួកគាត់ប៉ុន្មាននាក់នេះ ! ដោយរលូនបានទេ គឺច្បាស់ជាមានអ្នកពាក់ព័ន្ធបន្តៗទៀត ៕