ក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះ ស្រែកដង្ហោយរកយុត្តិធម៌ ពីថ្នាក់ដឹកនាំ ខណ:ជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅមានសេរីភាពនៅឡើយ

CRT News

 



ខេត្តសៀមរាប ៖ ជារឿងដ៏គួរឱ្យសង្វែកនិងសោកសៅមួយ ខណៈបងប្អូនក្រុមគ្រួសារនិងប្រជាពលរដ្ឋពេលនាំគ្នាដង្ហែសព អមដោយសំឡេងខ្លងខែកផងនោះ បាននាំគ្នាស្រែករកយុត្តិធម៌គួរឱ្យសង្វេគ សម្រាប់សពស្ត្រីម្នាក់ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរថយន្តបុកស្លាប់ ។ ការនាំគ្នាស្រែកទ្រហោយំនោះ ក៏បានសុំដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ផងដែរ ខណៈសមត្ថកិច្ចនៅមិនទាន់ចាប់បានជនដែលបើករថយន្តបុកស្លាប់នៅឡើយនោះ ។

ក្រុមគ្រួសារជនរងគ្រោះ បានសម្ដែងនូវការខកចិត្ត និងព្រួយបារម្ភខ្លាំង ដោយខ្លាចជនបង្កអាចគេចខ្លួនផុតពីសំណាញ់ច្បាប់ ខណ:ផ្លាកលេខរថយន្ត ត្រូវរើសបាននៅកន្លែងកើតហេតុ តាំងពីថ្ងៃទី១៨ តុលា ឆ្នាំ២០២៤ តែរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ខណៈជនបង្កនៅមិនទាន់រកឃើញនៅឡើយ។ 

សពជនរងគ្រោះ ត្រូវបានបូជានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវត្តអធ្វា ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បន្សល់ទុកកូនកំព្រាចំនួន ០២នាក់ នៅតូចៗគួរឱ្យសោកសង្រែង និងអាឡោះអាល័យជាទីបំផុត ។

គូរបញ្ជាក់ផងដែរ÷ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០១និង១៥នាទីរសៀល នៅត្រង់ចំណុចមុខផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តបុកម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់នោះ ជំនាញបានកំពុងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តបង្ក ខណៈមកដល់ថ្ងៃនេះមានតម្រុយខ្លះហើយ តាមរយៈផ្លាកលេខរថយន្តដែលបុកម៉ូតូបណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់នោះ ។

លោកស្នងការបានបន្ថែមថា ÷ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរវាងរថយន្តម៉ាកព្រូស(Prius) ពណ៌ស ពាក់ផ្លាកលេខ សៀមរាប ២B-០៧៥៨ ពេលនោះ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុ ដោយរថយន្តបើកបរក្នុងទិសដៅពីជេីងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១AF-៤៤៣៥ បើកបរដោយឈ្មោះ ឡិ គឹមសួរ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ទិសដៅពីជើងទៅត្បូង ។ ក្រោយបុកម៉ូតូ រថយន្តបង្កនោះ ក៏បានទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក morning ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ សៀមរាប ២B-៦១៦០ ដែលចតនៅក្នុងចំណតខាងកើតផ្លូវ បែរក្បាលទៅទិសខាងកើត ដែលមានម្ចាស់ឈ្មោះ ប៊ុន ជូ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

លោកស្នងការបញ្ជាក់ទៀតថា ÷ចំពោះហេតុការណ៍ខាងលើនេះ បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ឈ្មោះ ឡិ គឹមសួរ (អ្នកជិះម៉ូតូ) ។ រថយន្តម៉ាក morning ខូចខាតធ្ងន់ ដោយសាររថយន្តព្រូសបុកមួយតង់ទៀត ឯម៉ូតូក៏ខូចខាតធ្ងន់ផងដែរ ។

ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានចុះធ្ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ចំណែកអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ។

សូមបញ្ជាក់ថា÷ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ពិតជានាំខ្លួនជនបង្កដែលបើករថយន្តបុកស្ត្រីម្នាក់ឈ្មោះ ឡិ គឹមសួរ (បណ្តាលឱ្យស្លាប់នោះ យកមកអនុវត្តផ្តន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top