ព្រះរាជក្រឹត្យថ្មី៖ អ្នកមានគោរមងារឧកញ៉ា មិនតម្រូវឲ្យបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលនោះទេ

CRT News


រាជធានីភ្នំពេញ៖ ក្នុងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា ចេញដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា អ្នកមានគោរមងារឧកញ៉ា មិនមានការតម្រូវឲ្យបង់ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលនោះទេ។

តាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន CRT News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា៖ គោរមងារឧកញ៉ាមាន៣ (បី) លំដាប់ថ្នាក់ ដូចខាងក្រោម ៖

* លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
* លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
* លំដាប់ថ្នាក់ទី៣ ឧកញ៉ា។

គោរមងារឧកញ៉ាលំដាប់ថ្នាក់ណាមួយ ដូចមានចែងក្នុងមាត្រា៧នៃព្រះរាជក្រឹត្យនេះ ត្រូវផ្តល់ជូនរូបវន្ត បុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណសម្បត្តិស្នាដៃ និងគុណបំណាច់ធំធេង ដែលបានចូលរួម អភិវឌ្ឍ និងកសាងជាតិ។

គុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការចូលរួម បរិច្ចាគធនធានជាថវិកា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬសម្ភារបរិក្ខារនានា សម្រាប់កិច្ចការសង្គមនិងការងារមនុស្សធម៌ ផ្សេងៗ ឬការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា។

ក្នុងនោះ មានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម ព្រមទាំងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេស ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។

ទំហំទឹកប្រាក់នៃការចូលរួមបរិច្ចាគធនធានឬសម្ភារបរិក្ខារនានា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍ សម្រាប់សង្គមជាតិខាងលើ ដែលជាកម្មវត្ថុនៃការផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។

ក្រៅពីលក្ខខណ្ឌដូចមានចែងក្នុងមាត្រា៨ នៃព្រះរាជក្រឹត្យនេះ រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែល ត្រូវផ្តល់គោរមងារ ឧកញ៉ា ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
* មានប្រវិត្ដរូបច្បាស់លាស់
* មានកិរិយាមារយាទល្អ
* ពុំធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
* ប្រកបមុខរបរស្របច្បាប់។

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មានសិទ្ធិនិងកាតព្វកិច្ច ដូចខាងក្រោម៖

* ទទួលបាននូវការផ្តល់ងារជាកិត្តិយស ការលើកទឹកចិត្ត និងឯកសណ្ឋានផ្លូវការ ឬការចាត់តាំង ក្នុងមុខងារដែលមិនត្រូវបានហាមឃាត់ ក្នុងព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
* អាចលើកសំណូមពរ ឬសំណើផ្សេងៗ តាមរយៈសមាគមឧកញ៉ាកម្ពុជា មករាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយ
* ចូលរួមថែរក្សា ការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ
* ចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ តាមការអំពាវនាវ ឬសំណូមពររបស់រាជរដ្ឋាភិបាល
* ចូលរួមលើកកម្ពស់ កិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ
* ចូលរួមផ្តល់ព័ត៌មានដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគោរមវន្ត។

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

មាត្រា២០ នៃព្រះរាជក្រឹត្យថ្មី បានចែងថា ព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា អនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា និងបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករណ៍៕













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top