ខេត្តមណ្ឌលគិរី ៖ ថ្លែងពីទឹកដីខេត្តឦសាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យសមត្ថកិច្ច និងអាជ្ញាធរធ្វើការស្រាវជ្រាវរកមេខ្យល់ ដែលកៀងគរប្រជាពលរដ្ឋឲ្យចុះឈ្មោះ ដើម្បីចាប់យកដីដែលខុសពីយន្តការរបស់រាជដ្ឋាភិបាលមកទទួលទោសតាមច្បាប់ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាខេត្តមណ្ឌលគិរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ៖«មេខ្យល់! ឥឡូវអញ្ចេះ ខ្ញុំបានប្រកាសរឿងដីសម្បទានសង្គមកិច្ចជាបន្ត ហើយក្រុមការងារបានកំពុងរៀបចំចែកប្រជាពលរដ្ឋចាប់ដែលនឹងផ្តើមពីឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុកល្ងាចមិញមានមេខ្យល់ទៅបំផុសប្រជាពលរដ្ឋ ដើម្បី (មិនដឹងថា បង់លុយឬយ៉ាងណា?) ចុះឈ្មោះយកដីសម្បទាន ។ ខ្ញុំសូមបញ្ជាក់ គឺអត់មាននោះទេ ! អត់មានមេខ្យល់ណាទៅឲ្យបំផុស ដើម្បីទៅយកដីសម្បទាននោះទេ បើចុះឈ្មោះតាមយន្តការរដ្ឋតាមអាជ្ញាធរឃុំ ហើយយើងមានការប្រកាសផ្សាយច្បាស់លាស់ អីញ្ចឹងសូមឲ្យបងប្អូនកុំជឿលើមេខ្យល់ដែលកំពុងបំផុស ដើម្បីយកលុយថាដើម្បីយកដីនេះ គឺអត់មាននោះទេ» ។
សម្តេចមហាបវរធិបតី បានបញ្ជាក់បន្ថែមថា ៖ ខ្ញុំស្នើឲ្យសមត្ថកិច្ច និងអាជ្ញាធរមើលមេខ្យល់ ដែលដើរកៀរគរប្រជាពលរដ្ឋមកចាប់ដីនេះ ដើម្បីអនុវត្តតាមច្បាប់ ។ ព្រោះថា គាត់បានដើរបោកប្រជាពលរដ្ឋ ។ មេខ្យល់នេះខុសពីខ្យល់ដែលកំពុងធ្លាក់នេះ គឺត្រជាក់ ឯមេខ្យល់នោះ គឺជាខ្យល់ក្តៅ ដោយដើបោកប្រជាពលរដ្ឋហើយមានរឿងទៀត ។ ដោយសារនៅពេលប្រជាពលរដ្ឋទៅកាប់ដី ឬព្រៃនៅកន្លែណាមួយនឹងមានរឿងទៀត ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ « ខ្ញុំសូមប្រាប់ថា បើខ្យល់នេះល្ហើយ មានផាសុខភាព តែមេខ្យល់ចាប់ដីនេះ គឺអត់ទេ ។ គឺកុំធ្វើ ហើយធ្វើត្រូវតែប្រឈម ហ្នឹងការអនុវត្តច្បាប់ហើយប្រជាពលរដ្ឋសូមកុំចាញ់បោកឲ្យសោះខ្ញុំប្រកាស ។ ជាក់ស្តែង នៅស្រុកពេជ្រាដា មានករណីមេខ្យល់នេះ អីញ្ចឹង សូមអាជ្ញាធរខេត្ត និងសមត្ថកិច្ច ធ្វើការឆែកមើលឲ្យច្បាស់ ។ ព្រោះខ្ញុំឃើញមានការផ្សព្វផ្សាយ ដោយមានគេបាញ់ ឲ្យមកខ្ញុំ ។ ឥឡូវសូមឲ្យច្បាស់ណា ! ដល់ពេលយើងរៀបចំយន្តការជូនប្រជាពលរដ្ឋអត់មានដី» ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ប្រកាសថា៖ សម្តេចប្រកាសជាលើកចុងក្រោយហើយ ហើយក៏សូមឲ្យអាជ្ញាធរប្រជាពលរដ្ឋបានដឹង និងធ្វើការទប់ស្កាត់ ព្រោះថា៖ គ្រាន់តែសម្តេចប្រកាសបង្កើតមូលនិធិធ្វើហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមព្រំដែន ដោយឲ្យប្រជាពលរដ្ឋចូលតាម QR ក៏មានអ្នកទៅលួចបង្កើត ABA ឲ្យប្រជាពលរដ្ឋបង់ថ្លៃ ដូច្នេះទាល់តែប្រាប់ បើមិនដូច្នេះប្រជាពលរដ្ឋចាញ់បោកជាមិនខាន! ព្រោះថា សម័យឥឡូវនេះមានភាពជឿនលឿន ៕