លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព អព្ជើាញចូលរួមទទួលសៀវភៅធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ចំនួន៤០០ក្បាល ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

CRT News


រាជធាភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព និងជាចាងហ្វាងគេហទំព័រ ASEAN DAILY បានអញ្ជើញចូលរួមទទួលកូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួន៤០០ក្បាល ពីក្រសួងព័ត៌មានក្រោមអធិតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកប្រកប អាជីពក្នុងវិស័យព័ត៌មានចំនួន២០០នាក់។

 
ថ្លែងក្នុងពិធីប្រគល់កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់បណ្តាសមាគមន៍ដែលចំណុះក្រសួងពត៌មាន និងចាងហ្វាងគេហទំពរ័នានា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋានដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ធម្មនុញ្ញនេះបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយនូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

គឺដូចប្រទេសនានានៅលើសកលលោកដែរ កម្ពុជាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាក្រមសីលធម៌កំពូលសម្រាប់ការអនុវត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងសង្គមមកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

ក្នុងខ្លឹមសារចំនួន៤ជំពូក និង២៧ចំណុចសំខាន់ៗកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានអត្ថាធិប្បាយ និងពន្យល់ច្បាស់ពីសិទ្ធិ និងករណីយកិច្ច អ្វីដែលអ្នកសារព័ត៌មានត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ព្រមទាំងការរៀបរាប់ពីទិដ្ឋភាពទាក់ទងនឹងទំនួលខុសត្រូវនានា ដែលស្ថិតក្នុងក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន អ្នកសារព័ត៌មានចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាព និងដុសខាត់ជំនាញក្នុងការសរសេរ ផលិត និងផ្សព្វផ្សាយ ដោយត្រូវធ្វើទំនើបកម្មការងារឱ្យស្របទៅនឹងភាពរីកចម្រើននៃសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភាពប្រកួតប្រជែង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើគុណភាពព័ត៌មាន និងការផ្សាយទាំងនោះ។ ជាងនេះទៀត អ្នកសារព័ត៌មានចាំបាច់ត្រូវយល់ឱ្យបានច្បាស់អំពីព្រំដែននៃការអនុវត្តការងារវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិ និងតួនាទីជាអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវចៀសវាងកុំឱ្យការប្រើសិទ្ធិ និងសេរីភាពហួសពីដែនដែលច្បាប់បានកំណត់។

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មានដើម្បីអ្នកសារព័ត៌មាន ក្នុងការបន្តអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ 

ហេតុដូច្នេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ 

អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ស្ថិរភាព និងសន្តិសុខសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលបានយកធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានតាមខ្លួនសម្រាប់ការប្រតិបត្តិប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តបន្ថែមដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មានកម្ពុជា៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top