រាជរដ្ឋាភិបាលនីតិកាល​ថ្មី សម្រេច​ផ្អាក​ការ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មួយ​រយៈ​សិន

CRT News


រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​ផ្អាក​ផ្ទេរ​មុខងារ​ពី​ថ្នាក់​ជាតិ ទៅ​ថ្នាក់​ក្រោម​ជាតិ មួយ​រយៈ​សិន ដោយ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា ៖ ​«​ ជា​ការ​ជាន់​ហ្វ្រាំង ដើម្បី​ពិនិត្យ កែ​លម្អ និង​បង្កើន​គុណភាព​លើ​ការ​អនុវត្ត​មុខងារ ​ដែល​បាន​ផ្ទេរ​ទៅ​ហើយ និង​ធានា​ថា​ មុខងារ​ថ្មី​ៗ ​ដែល​ត្រៀម​ផ្ទេរ​ទៅ​បន្ថែម​ទៀត នឹង​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​គុណភាព​ » នេះ​បើ​តាម​ការ​បញ្ជាក់​របស់ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) ។


យោងតាម​បណ្តាញ​ផ្សព្វផ្សាយរបស់​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​ថា ​÷ ការ​ថ្លែង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្ដី​ពី​ការ​ជ្រើសរើស និង​ការ​គ្រប់គ្រង​មន្ត្រី​ ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ ដែល​បម្រើ​ការងារ​នៅ​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រៀបចំ​នៅ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤​នេះ ។


បើ​តាម​ឯកឧត្តម​ ស សុខា ​បាន​លើក​ឡើង​ថា​ ÷ ការ​ជាន់​ហ្វ្រាំង​ផ្អាក​មួយ​រយៈ ​មិនមែន​មាន​ន័យ​បែប​អវិជ្ជមាន ក្នុង​កំណែ​ទម្រង់ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ ​នៅ​ថ្នាក់​ក្រោម​ជាតិ នោះ​ទេ ពីព្រោះ​ឆ្លងកាត់​ការ​អនុវត្ត រយៈពេល១៣​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​អ្នក​ទទួល​សេវា​ក្ដី អង្គការ​ជាតិ អន្តរជាតិ និង​ប្រទេស​ជា​មិត្ត ដូច​ជា ​៖ ប្រទេសស្វី​ស, អា​ល្លឺ​ម៉​ង់, និង​អូស្ត្រាលី​ ។ជាដេីម ។ បាន​បង្ហាញ​ការ​គាំទ្រ និង​ពេញ​ចិត្តជា​ខ្លាំង​ គាំទ្រ​ និង​ពេញចិត្ត ក៏​ព្រោះតែ​រាជរដ្ឋាភិបាល​ នីតិកាល​មុន​ៗ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ដោយ​មាន​សម្ដេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អតីត​ប្រធាន គ​.​ជ​.​អ​.​ប​. បាន​ផ្ទេរ​មុខងារ​ជាង ៨០០​ប្រភេទ ជា​បន្តបន្ទាប់ ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត. ក្រុង .ស្រុក ខណ្ឌ និង​ឃុំ. សង្កាត់​។ ជាក់ស្ដែង​យន្តការ​ច្រកចេញ​ចេញចូល​តែ​មួយ បាន​និង​កំពុង​ធ្វើ​ឱ្យ​រដ្ឋ​រក​ចំណូល​ពី​កម្រៃ​សេវា​សាធារណៈ​រាប់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ៗ ខណៈ​ប្រជាពលរដ្ឋ​ជា​អ្នក​ស្នើ​សុំ​សេវា ក៏​បាន​និង​កំពុង​រីករាយ​សារ​ទរ​លើ​ការងារ​នេះ ពីព្រោះ​សេវា​នៅ​កៀក​ពួក​គាត់ មាន​តម្លាភាព​និង​គុណភាព​ ។


ក្នុង​ន័យ​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​ការ​ពន្យល់​ងាយ​ៗ​អំពី​ភាព​ចាំបាច់​ដែល​រាជរដ្ឋាភិបាល ត្រូវ​ពិនិត្យ និង​វាយតម្លៃ​ឡើង​វិញ​លើ​ការងារ​មួយ​ចំនួន ជាក់ស្ដែង​មានមុខ​ងារ​ផ្ទេរ​ទៅ​ខ្លះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​មន្ត្រី​បច្ចេកទេស អនុវត្ត​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល ដាក់​ចេញ​យន្តការ​អាទិភាព​មួយ​ចំនួន ដើម្បី​ពង្រឹងគុណភាព​ធនធានមនុស្ស​នៅ​ថ្នាក់​ក្រោម​ជាតិ ឱ្យ​បាន​សម​ស្រប​។ ជាក់ស្ដែង​សិក្ខាសាលា​នៅ​ថ្ងៃនេះ ក៏​ជា​ផ្នែក​មួយ​នៃ​យន្តការ​ពង្រឹងគុណភាព​ធនធានមនុស្ស​ផង​ដែរ​ ។


ជាមួយ​គ្នា​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​បន្ថែម​ថា គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) ក៏​កំពុង​ពិនិត្យ​មើល​បន្ថែម​លើ​ប្រភេទ​សេវា​មួយ​ចំនួន​ទៀត ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មាន​តម្រូវការ ដើម្បី​ឈាន​ទៅ​ផ្ទេរ ឬ​កែសម្រួល​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​ចំ​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ និង​ស្ថានភាព​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយ​ៗ ៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top