អគ្គនាយកដ្ឋានពន្ធដារ ច្រានចោលទាំងស្រុងចំពោះការលើកឡើងថា «បង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ»

CRT News



រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រកាស់ច្រានចោលទាំងស្រុង ចំពោះការលើឡើងថា «បានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត៥ពាន់ដុល្លារ»។

សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើងតាមបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន ជាពិសេសវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រ Facebook នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែតុលានេះ។ តាមលោកស្រី អ៊ុក ឆាយ៉ាវី ក្រសួងសេដ្ឋកិច្ចបានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត ៥ពាន់ដុល្លារ។ តែលោកស្រីអះអាងថា សមាគមគ្មានលទ្ធភាពបង់ពន្ធទេ ដោយសារតែសមាគមគ្មានប្រាក់ចំណូល ហើយបុគ្គលិកក៏សុទ្ធជាអ្នកធ្វើការងារដោយស្ម័គ្រចិត្ត»។

អគ្គនាយកដ្ឋានពន្ធដារ «សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនេះ ដែលជាការអះអាង ពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវលើអគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨ លានរៀលនោះទេ»។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមសាធារណជនមេត្តាកុំមានការយល់ច្រឡំ។ សម្រាប់រាល់ចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកលេខ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬដាក់លិខិតមកអគ្គនាយកដ្ឋានពន្ធដារ ឬអង្គភាពពន្ធដារ ដោយផ្ទាល់ ឬតាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិក GDT e-Administration។

អគ្គនាយកដ្ឋានពន្ធដារ សូមសាធារណជន មេត្តាជ្រាប និងស្នើឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងវិទ្យុបារាំងអន្តរជាតិ កែតម្រូវខ្លឹមសារ នៃការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top