ព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ

CRT News


រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ។

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបបានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។

សូមជម្រាបថា៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិបានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕





















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top