ព្រះមហាក្សត្រ ព្រះអង្គមានមោទនភាពក្រៃលែងដែលឃើញកម្ពុជាកំពុងបន្តបោះជំហានទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ

CRT News



រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានមានព្រះបន្ទូលដោយបង្ហាញពីមោទនភាពថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ព្រះអង្គទទួលបានសេចក្ដីសុខក្សេមក្សាន្តនៅទូទាំងប្រទេស ហើយប្រទេសកម្ពុជាកំពុងបន្តបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ។

ក្នុងព្រះរាជសុន្ទរកថា៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមជាប្រវត្តិសាស្ត្រ នៃព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ព្រះករុណាមានព្រះបន្ទូលថា៖ «ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញសភាពការណ៍នៃព្រះរាជាណាចក្រកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្ត្រទទួលបានសេចក្តីសុខ និងកំពុងបន្តបោះជំហានទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ» ។

ព្រះអង្គមានព្រះបន្ទូលបន្ថែមថា ៖សមិទ្ធផលនានានៃសង្គមជាតិត្រូវបានកសាងឡើងអាស្រ័យដោយស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន ព្រះសង្ឃ និងប្រជារាស្ត្រទូទាំងប្រទេស បានរួមគ្នាកសាងឡើង ក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិ តាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលពុំមានកម្លាំងអ្វីអាចធ្វើឲ្យរង្គោះរង្គើរបានឡើយ ។

នៅក្នុងមីទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលបានប្រារព្ធធ្វើឡើងនៅមុខព្រះបរមរាជវាំង នាថ្ងៃទី៣០ ខែតុលានេះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជសុន្ទកថា៖ ក្នុងអង្គមីទ្ទិញ ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានឲ្យរួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ។

សូមជម្រាបថា៖  នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទិវាជាប្រវត្តិសាស្ត្រ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំតាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនារយៈពេល៣ (បី)ថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងទម្រង់ជាមហោឡារិក ជាងរាល់ឆ្នាំ ។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មានការរៀបចំធ្វើពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង ។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មានរៀបចំព្រះរាជពិធីថ្វាយព្រះពរ នៅក្នុងព្រះបរមរាជវាំង។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រ ដោយមានការចូលរួមពីមន្ត្រីរាជការតាមក្រសួងស្ថាប័ននានា កងកម្លាំងយុវជន សរុប១១,៦០០នាក់ នៅសួនចន្ទឆាយ៉ា ខាងមុខព្រះបរមរាជវាំង៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top