អភិបាលខេត្តកណ្តាល លេីកទឹកចិត្តបេក្ខជនឱ្យផ្ចិតផ្ចង់ប្រមូលស្មារតី ដើម្បីប្រឡងយកនិទ្ទេសល្អ នឹងប្រកាសផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូម្នាក់១គ្រឿង សម្រាប់បេក្ខជនប្រលងជាប់និទ្ទេសA

CRT News


ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល ខេត្តកណ្ដាល បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ក្នុងការ ធ្វើលំហាត់ឱ្យ អស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ និងឈានទៅបន្តការសិក្សា នៅឧត្តមសិក្សាបន្តទៀត។


ការលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលលោកអភិបាល អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។


លោក គួ ចំរើន បន្តថា៖ ក្នុងកំណែទម្រង់របស់ក្រសួង អប់រំយុវជន និងកីឡា សិស្សានុសិស្សទាំងអស់ ត្រូវតែមានសមត្ថភាព ហើយអ្នកចេះគឺជាប់ ដូច្នេះសមត្ថភាពដែលក្មួយៗ ទាំងអស់ បានខិតខំយកចិត្តទុកដាក់រៀនក្នុងរយៈពេលកន្លងមក ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាព នៅពេលនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងឈានទៅបន្តការសិក្សា ថ្នាក់ឧត្តមសិក្សាបន្តទៀត ។


ជាងនេះទៀតលោក គួច ចំរើន អភិបាល បានថ្លែងបញ្ជាក់ថា ៖ ដើម្បីជាការលើកទឹកចិត្ត សម្រាប់សិស្សានុសិស្ស ដែលជាប់និទ្ទេសA លោកនឹងផ្ដល់ម៉ូតូមួយគ្រឿង សម្រាប់ធ្វើដំណើរបន្តការ សិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត ។


ក្នុងឱកាសនោះដែរ លោក គួច ចំរើន បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ពិសេសទទួលបាននិទ្ទេសល្អផងដែរ ។


យោងតាមលោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និង កីឡាខេត្តកណ្ដាល បានឱ្យដឹងថា ៖ ខេត្តកណ្ដាលមាន មណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨មណ្ឌល ស្មើនឹង ៤៥១បន្ទប់ នៅតាមសាលាក្នុងក្រុង-ស្រុក ចំនួន០៦ ដែលរួមមាន ៖១.ក្រុងតាខ្មៅ មាន ៤មណ្ឌល, ២.ស្រុកស្អាង មាន ៣មណ្ឌល, ៣.ស្រុកកណ្ដាលស្ទឹង មាន ៣មណ្ឌល, ៤.ស្រុកកៀនស្វាយ មាន ២មណ្ឌល, ៥.ស្រុកពញាឮ មាន ៣មណ្ឌល, និង៦. ស្រុកខ្សាច់កណ្តាល មាន ៣មណ្ឌល ដោយមានបេក្ខជន ចុះឈ្មោះប្រឡង ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១១ ១១៥នាក់ ។ បេក្ខជនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ៣ ១០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៦ ៦២១នាក់ ។ បេក្ខជនស្វៃរិនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ១ ០៩៥នាក់ ។ បេក្ខជនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២៦២នាក់ ។ បេក្ខជនស្វៃរិនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២១នាក់៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top