ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ រួមនឹងគ្រឿងញៀនមួយចំនួនធំ ដឹកតាមរថយន្តក្រុងមកពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល

CRT News


ស្ទឹងត្រែង៖ ជនជាតិវៀតណាមចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ខណៈត្រួតពិនិត្យឆែកឆេរលើរថយន្តដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿង តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ប្រទះឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន ។


មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ រថយន្តក្រុងចំណុះ ៤៥កៅអី ពាក់ផ្លាកលេខឡាវ 7979 ដឹកអ្នកដំណើរពីប្រទេសឡាវ មកប្រទេសកម្ពុជា ១គ្រឿង ត្រូវបានរកឃើញមានផ្ទុកម្សៅក្រាម ពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយ ។


ថ្នាំញៀនទាំងនោះ រួមមាន៖ ២៧ដុំធំ ជាប្រភេទក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង សង្ស័យជាប្រភេទថ្នាំគ្រវី ។ ១០ដុំធំ ជាប្រភេទម្សៅ សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀន ប្រភេទថ្នាំយ៉ាម៉ា និងក្រាមពណ៌សថ្លា ១កញ្ចប់តូច ។


ក្រោយពីមានការសង្ស័យ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនបន្តទៅឱ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អនុវត្តនីតិវិធីបន្ត ៕
















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top