លោក ម៉ៃ សុគន្ធ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ច រហូតបង្កគ្រោះថ្នាក់ចរាចរណ៍

CRT News

 

(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានប្រដេញចាប់វាយខ្នោះ លោក ម៉ៃ សុគន្ធ ក្រោយពីបើកបររថយន្ដក្នុងស្ថានភាពស្រវឹង ហើយព្យាយាមបើកគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអាល់កុល រហូតបង្កគ្រោះថ្នាក់ចរាចរណ៍ រងរបួសមនុស្ស ៣នាក់ ។


ករណីនេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២ ៖ ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចមុខវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានដាក់គោលត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល នៅចំណុចផ្លូវផ្សារបឹងបៃតង ខណ្ឌសែនសុខ ។ ក្រោយមកក៏មានរថយន្ដម៉ាក LAND CRUISER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6802 បើកចូលគោលដៅត្រួតពិនិត្យ ហើយសមត្ថកិច្ចក៏បានហៅឱ្យចូលដើម្បីត្រួតពិនិត្យ ប៉ុន្តែរថយន្តខាងលើមិនបានចូលតាមការសម្របសម្រួលរបស់សមត្ថកិច្ចនោះទេ បែរជាបើកបំបុកប៉ារ៉ាស់របស់សមត្ថកិច្ច និងព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យ រួចបេីករត់ដល់ផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក៏ជ្រុលទៅបុកម៉ូតូកង់បី ២គ្រឿង និងរបាំងថ្មបាក់ចំនួន ៣កង់ បណ្តាលឱ្យមនុស្ស ៣នាក់ រងរបួស ។


ភ្លាមៗ កម្លាំងសមត្ថកិច្ចដែលដេញតាមពីក្រោយ បានឃាត់ខ្លួន និងវាយខ្នោះអ្នកបើករថយន្ដ ដែលគេស្គាល់ថាជា លោក ម៉ៃ សុគន្ធ អតីតតារាចម្រៀង និងសម្ដែង ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធី ។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង យកទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top