ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ នៅក្រុងខេមរភូមិន្ទ

CRT News

 ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ នៅក្រុងខេមរភូមិន្ទ


កោះកុង ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលបណ្តឹងពីជនរងគ្រោះ ដែលមានទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពាក់ព័ន្ធករណីបុរសម្នាក់ គំរាមរំលោភសេពសន្ថវៈ ។


បន្ទាប់ពីទទួលបណ្តឹងភ្លាម ផ្នែកជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៨ ៖ ៣០ នាទី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ បម្រើការនៅរោងចក្រ KKN3 មានឈ្មោះ មុនី បញ្ញា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងវត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូម៉ាក Exciter ១គ្រឿង, ទូរសព្ទ VIVO ១គ្រឿង និងនាឡិកាដៃ ១គ្រឿង ។


លោក យស ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២២ ៖ ៣០ នាទី នៅចំណុចផ្លូវកែងបត់ទៅបាងកាយ៉ាក ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ស្ត្រីរងគ្រោះបានដើរចេញពីកម្មវិធីជួបជុំនៅផ្ទះមិត្តភ័ក្ត្រធ្វើការជាមួយគ្នា ហើយក៏បានចេញមកក្រៅឈរចាំបងស្រីនៅក្បែររបងផ្ទះជាប់ផ្លូវ ដើម្បីត្រឡប់ទៅផ្ទះវិញ ពេលនោះមានជនសង្ស័យម្នាក់មិនស្គាល់ ជិះម៉ូតូម៉ាក Exciter មកឈប់ក្បែរហើយបានចាប់បង្ខំ និងគំរាមរូបនាង ឱ្យឡើងជិះម៉ូតូទៅជាមួយ គោលបំណងរកកន្លែងស្ងាត់ ដើម្បីរំលោភសេពសន្ថវៈ គ្រានោះដោយជនរងគ្រោះភ័យខ្លាចក៏ព្រមជិះទៅជាមួយ ។


ជនសង្ស័យគិតថាបានសម្រេចដូចបំណង តែមិននឹកស្មានថា ពេលកំពុងជិះទៅតាមផ្លូវ ជនរងគ្រោះព្យាយាមរើបម្រាស់ និងស្រែកឱ្យគេជួយ លុះជិះដល់ចំណុចមុខសាលាអនុវិទ្យាល័យដងទង់ ជនសង្ស័យក៏បានឈប់ម៉ូតូហើយធាក់ជនរងគ្រោះឱ្យដួល រួចឆក់យកទូរសព្ទ ១គ្រឿង ម៉ាក iPhone 15 ពីជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបាត់ ។


ករណីខាងលើនេះ ផ្នែកព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top