វីរុសCovid-19 កំពុងកើនឡើងជាថ្មីទៀតនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ក្នុងនោះរដ្ឋាភិបាលអេស្ប៉ាញតម្រូវឱ្យប្រជាជនពាក់ម៉ាស់ម្តងទៀត ដើម្បីទប់ទល់នឹងស្ថានការណ៍នោះ។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុប ណែនាំឲ្យមនុស្សស្នាក់នៅក្នុងផ្ទះ ប្រសិនបើពួកគេមានរោគសញ្ញា នៃជំងឺផ្តាសាយ ឬ វីរុស Covid-19 ដោយធ្វើតាមការណែនាំថ្នាក់ជាតិស្តីពីការចាក់វ៉ាក់សាំង សម្រាប់ក្រុមមនុស្ស ដែលងាយរងគ្រោះ។
ទីភ្នាក់ងារនេះក៏កំពុងពិចារណាផងដែរក្នុងការចេញជាថ្មីនូវតម្រូវការពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ឬមណ្ឌលថែទាំសុខភាព។ នៅក្នុងតំបន់នេះ ជំងឺគ្រុនផ្តាសាយឆ្លងតាមរដូវដូចធម្មតា ប៉ុន្តែបានប្រែទៅជាសភាពធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសមួយចំនួន។ ចំនួនករណីឆ្លង និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុស Covid-19 ក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។
នៅប្រទេសអេស្ប៉ាញ មន្ទីរពេទ្យមួយចំនួនកាលពីសប្តាហ៍មុនតម្រូវឱ្យអ្នកជំងឺ អ្នកចូលសួរសុខទុក្ខ និងបុគ្គលិកពេទ្យ ពាក់ម៉ាស់។ កាលពីថ្ងៃទី ៩ ខែមករា រដ្ឋាភិបាលកណ្តាលបានស្នើឱ្យពង្រីកតម្រូវការនេះនៅទូទាំងប្រទេស។ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំក្នុងតំបន់ដែលទទួលបន្ទុកគោលនយោបាយសុខភាពបានបដិសេធសំណើនេះ។
យោងតាមទិន្នន័យរបស់វិទ្យាស្ថានជាតិសុខភាព (ISS) កាលពីសប្តាហ៍មុន នៅក្នុងប្រទេសអ៊ីតាលី ចំនួនអ្នកឆ្លងជំងឺគ្រុនផ្តាសាយ និង Covid-19 មានកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃឆ្នាំ ២០២៣ ។ អត្រាឆ្លងគឺ ១៧.៥ ករណីក្នុងចំណោមមនុស្ស១,០០០នាក់ ក្នុងសប្តាហ៍ទី៥២ និង ១៧.៧ករណីក្នុងចំណោមមនុស្ស ១,០០០នាក់ ៕