ប្រមុខការពារជាតិកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) ថាប្រទេសកូរ៉េខាងជើង អាចនឹងត្រៀមខ្លួនក្នុងការផ្តល់មីស៊ីលប្រភេទថ្មីដល់ប្រទេសរុស្ស៊ី ហើយអាចនឹងធ្វើការសាកល្បងអាវុធបន្ថែមទៀត ដើម្បីបង្កើនភាពតានតឹងនៅមុនការបោះឆ្នោតរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិ លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានប្រាប់សារព័ត៌មានយ៉ុនហាប់ កាលពីថ្ងៃពុធ (១០ មករា) ថា «កូរ៉េខាងជើង ដែលត្រូវការលុយខ្លាំង កំពុងលក់អាវុធថ្មីយ៉ាងសកម្មដែលរុស្ស៊ីចង់បាន»។
លោក ស៊ីន បានលើកឡើងពីដំណើរចុះពិនិត្យរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ក្នុងសប្តាហ៍នេះទៅកាន់រោងចក្រផលិតគ្រាប់រំសេវ ជាទីដែលលោកបានត្រួតពិនិត្យនូវអ្វីដែលអាចត្រូវបានអភិវឌ្ឍនាពេលថ្មីៗនេះ គឺមីស៊ីលផ្លោងរយៈចម្ងាយជិតដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរតាកទិច។
លោក ស៊ីន បាននិយាយថា ប្រទេសកូរ៉េខាងជើង ដែលធ្លាប់បាននិយាយថា ខ្លួននឹងដាក់ពង្រាយមីស៊ីលទាំងនេះទៅកាន់កងទ័ពជួរមុខ អាចនឹងលក់យ៉ាងហោចណាស់មួយចំនួនទៅឱ្យរុស្ស៊ី ដោយសារគេសង្ស័យថាធ្លាប់មានការលក់មីស៊ីលផ្លោងរយៈចម្ងាយខ្លីនាពេលថ្មីៗនេះ។
លោក ស៊ីន បានបន្ថែមថា ប្រទេសកូរ៉េខាងជើង ក៏អាចនឹងសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមឥន្ធនៈរឹងនៅដើមខែនេះ និងបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីបង្កើនភាពតានតឹងបន្ថែមទៀត មុនពេលការបោះឆ្នោតសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕