ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេងៈ សមត្ថកិច្ច កំពុង​ស្រាវជ្រាវ អ្នក​ដែល​ពាក់ព័ន្ធ ជាមួយ​អតីត អធិការនគរបាល ស្រុក​កំរៀង រឿង​ដោះលែង​មេខ្យល់ នាំ​មនុស្ស ឆ្លងដែន​ខុសច្បាប់​

ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ប្រាប់ រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ​ថាៈ ទាក់ទង​ករណី លោក គឹម ពន្លក អតីត​អធិការនគរបាល ស្រុក​កំរៀង ដែល​បាន​ដោះលែង មេខ្លោង​នាំ​ពលករ​ឆ្លងដែន ដោយ​ខុសច្បាប់ គឺ​សមត្ថកិច្ច កំពុងតែធ្វើការ​ស្រាវជ្រាវ បន្ថែមទៀត ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ ហើយ​ករណីនេះ មិនទាន់​រកឃើញ​មាន​ភស្តុតាង ណាមួយ ដែល​ត្រូវបញ្ជូន ទៅ​តុលាការ​នៅឡើយ​ទេ​។​

​ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង ក្រៅ​ពិធី​ប្រគល់​រថយន្ត ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន ១៩ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ទាក់ទង​ករណីនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ បក​ស័ក្តិ និង​បណ្តេញ​លោក គឹម ពន្លក អធិការនគរបាល ស្រុក​កំរៀង ខេត្តបាត់ដំបង​ចេញពី​ក្រប ខណ្ឌ​មន្ត្រី​នគរបាលជាតិ និង​ចាត់ការ​តាមផ្លូវ​ច្បាប់ ដើម្បី​ផ្តន្ទាទោស ជន​ពុករលួយ​រូបនេះ ដាក់ពន្ធនាគារ ឲ្យ​ខាន​តែ​បាន ដើម្បី​ជាការ​ព្រមាន ដល់​ជន​ទាំងឡាយ ផ្សេងទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​។ ការបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។ លោក គឹម ពន្លក អធិការនគរបាល ស្រុក​កំរៀង ពាក់ព័ន្ធ​ករណី​ដោះលែង​មេខ្យល់ នាំ​មនុស្ស ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​ថៃ ចូល​ទឹកដី​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថាៈ ក្រៅពី​បក​ស័ក្តិ និង​បណ្តេញ​ចេញពី ក្របខណ្ឌ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត និង​អគ្គស្នងការ នគរបាលជាតិ ត្រូវ​បន្ត​ចាត់ការ អនុវត្តតាម​ផ្លូវច្បាប់​ទៀត ដើម្បី​ផ្តន្ទាទោស ជន​ពុករលួយ​រូបនេះ ដាក់ពន្ធនាគារ​ឲ្យ​ខាន តែ​បាន ដើម្បី​ជាការ​ព្រមាន ដល់​ជន​ទាំងឡាយ ផ្សេងទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អគ្គស្នងការ នគរបាលជាតិ ស្រាវជ្រាវ​ជាបន្ទាន់ រឿង​មន្ត្រីប៉ូលិស​នៅ​ច្រក​ឡែ​ម ដែល​ចាប់បាន​មេខ្យល់ នាំ​ពលករ​ឆ្លងដែន ខុសច្បាប់ ចូលក្នុង​ប្រទេស​ថៃ ដែល​មេខ្យល់​នោះ ត្រូវបាន​ទាហាន ចាប់ខ្លួនបាន ប្រគល់​ឲ្យ​ខាង​ប៉ូលិស ហើយ​ខាង​ប៉ូលិស ជា​អ្នក​ដោះលែង​មេខ្យល់​នោះ ដោយ​មិន​បញ្ជូន ទៅ​តុលាការ ដើម្បី​អនុវត្ត​ច្បាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាៈ “​ខ្ញុំ​បានទទួល​បាន​ឯកសារ ស្រាវជ្រាវ​ខ្លះ គឺ​លោក​ស័ក្តិ ៥​ម្នាក់ គឺ​ដោះលែង (​មេខ្យល់​) មាន​រូបថត​មួយចំនួន នៅទីនេះ​ស្រាវជ្រាវ បន្ទាន់ ជាមួយ​កិច្ចការ ដែល​បាន​កើតឡើង នៅក្នុង​ខែមករា ចាប់បាន​មេខ្យល់​ហើយ គឺ​អត់​ទាន់​ផ្តន្ទាទោស​ទេ ទាហាន​អ្នក​ចាប់ ប៉ូលិស​អ្នក​ដោះលែង​អីចឹង​បើ​រឿង​នឹង​វា​ជា រឿង​ពិត ចាំបាច់​ត្រូវតែ​ដាក់ពិន័យ ឬក៏​ផ្តន្ទាទោស​តែម្តង សូម​ឲ្យ​ធ្វើការ​ស្រាវជ្រាវ ក្រសួងមហាផ្ទៃ អគ្គស្នងការ នគរបាលជាតិ ចុះទៅ​រួម​ជាមួយនឹង​ខេត្ត​ដើម្បី​ធ្វើការ ស្រាវជ្រាវ ករណី​មួយ​នេះ ឲ្យ​ខ្ញុំ ហើយ​រាយការណ៍​ឲ្យ​ខ្ញុំ​វិញ ឯកឧត្តម នេ​ត សាវឿន ឯកឧត្តម ងួន រតនៈ ធ្វើ​ការងារ​ស្រាវជ្រាវ រឿងនេះ នៅ​មាត់ច្រក​ឡែ​ម​ទាក់ទង​ជាមួយនឹង ការដោះលែង​មេខ្យល់ ខាង​ទាហាន​អ្នក​ចាប់ ខាង​ប៉ូលិស​ដោះលែង ចឹ​ង​បានជា​មេខ្យល់ វា​មិន​អស់ មនុស្ស​ចេះតែ​ធ្លា​យមក ចឹ​ង​ទេ​មើល​ប៉ូលិស​មួយ​នឹង​មើល បើ​ត្រូវ​វ៉ៃខ្នោះ វ៉ៃខ្នោះ​តែម្តង ឲ្យ​តែ​រឿង​នឹង​ពិត​ដាក់​ជា​គំរូ ត្រូវធ្វើ​រឿង​នឹង​ឲ្យ​បាន​ដាច់ខាត ព្រោះ​រឿងនេះ ត្រូវតែ​ស្រាវជ្រាវ​ហើយ​”​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន សូម​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើ​កិច្ចការងារ​នេះ ពង្រឹងសមត្ថភាព​កង​ទ័ព ដោយ​សម្តេច បាន​លើកឡើងថា បើ​ករណី ប៉ូលិស​ដោះលែង កងទ័ព​ត្រូវតែ​ចាប់​ភ្លាម​។ “​គេ​ចាប់​យកមក ឲ្យ​ប៉ូលិស ប៉ូលិស​ដោះលែង ចាប់យក​វិញទៀត​។ វង្ស ពិសេស សៅ សុខា ម៉ា​ណែ​ត ពង្រាយ​កងទ័ព​ដាក់​ដើម្បី​អនុវត្ត នូវ​វិធានការ​ទាំងឡាយ ហើយ​មើល មេ​ប៉ូលិសៗ ដែល​ពុករលួយ នេ​ត សាវឿន មើល​ឲ្យ​ច្បាស់​អាហ្នឹង ហើយ​តាម​បណ្តា​ច្រក អភិបាលខេត្ត​ទាំងឡាយ ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​នាយករដ្ឋមន្ត្រី រឿង​នឹង​អត់​បានទេ​គ្រោះថ្នាក់​”​។​

​ទាក់ទង​ករណីនេះ លោ​កក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត បាត់ដំបង នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បានសម្រេច​ផ្អាក​ការងារ ជា​បណ្តោះអាសន្ន ចំពោះ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង ដោយ​មូលហេតុ «​អនុវត្ត​ការងារ​ខុស​នីតិវិធី​»៕

  

Leave a Reply

Your email address will not be published. Required fields are marked *