ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ នៅតាមដងផ្លូវសាធារណៈ​ ទីប្រជុំជន​ ផ្សារ និងសហគមន៍ក្រីក្រ​ ក្នុងមូលដ្ឋានខណ្ឌចំការមន

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ​ ៤រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤​ ខែ ធ្នូ ឆ្នាំ ២០២០នេះ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដែលមាន​ ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមការងារសាខា​រួមមាន​៖ លោក​ យឹម​ យូហៀង​ ប្រធានការិយាល័យបង្ការ​ និងឆ្លេីយតបគ្រោះមហន្តរាយ និងលោកស្រី ហង្ស ណាវី មន្រ្តីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ នៅតាមដងផ្លូវសាធារណៈ​ ទីប្រជុំជន​ ផ្សារ និងសហគមន៍ក្រីក្រ​ ក្នុងមូលដ្ឋានខណ្ឌចំការមន ។
គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ​ ដេីម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន​ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា​ ។
សូមបញ្ជាក់ថា៖​ ក្នុងយុទ្ធនាការនេះ​ មានការចាក់ជាសារអំពាវនាវ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសារអប់រំរបស់ក្រសួងសុខាភិបាល​តាមរថយន្ត​ និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋ​ពីវិធីលាងសម្អាតដៃ​ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *