ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា ប្រឆាំងដាច់ខាតការឈ្លានពានរដ្ឋអធិបតេយ្យ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា ប្រឆាំងដាច់ខាតការឈ្លានពានរដ្ឋអធិបតេយ្យ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានថ្លែងថា កម្ពុជាប្រកាន់ខ្ជាប់នូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍អន្តរជាតិនានា និងប្រឆាំងដាច់ខាត ចំពោះការឈ្លានពាននូវរដ្ឋអធិបតេយ្យ ដោយប្រើកម្លាំង ឬការគំរាមកំហែងដោយប្រើកម្លាំង។

ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឆ្លងបទពិសោធន៍អតីតកាល សម្រាប់កម្ពុជា គឺនៅតែរក្សាទស្សនទានថា មានតែការចរចាទេទើបបញ្ចប់សង្គ្រាមបាន ពោលមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការប្រែប្រួលដ៏ស្មុគស្មាញ តានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្ននេះ ដែលបណ្តាលមកពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចធំៗ ដែលបានធ្វើឲ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ជាសាកលនោះ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលជាប្រទេសដ៏សកម្មមួយ នៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហ ដើម្បីធានាដល់ការកសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន»។

សម្តេចតេជោ មានប្រសាសន៍បន្តថា «កម្ពុជាខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំង ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ។ ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាបានជួបមកហើយនោះ យើងយល់ឃើញថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវសន្តិភាព ប្រកបដោយចីរភាពបាន»។

កាលពីដើមឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ថ្លែងសារថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបាននោះទេ។ សារនេះត្រូវបានលើកឡើង ចំពេលមានជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន ឬត្រូវបានគេហៅជាសាកលថា សង្គ្រាមរុស្ស៉ីឈ្លានពានអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ទុកមុនថា បើសង្គ្រាមនៅអ៊ុយក្រែន ឈានដល់ការផ្ទុះអាវុធនុយក្លេអ៊ែនោះ ប្រទេសភាគច្រើននៅអឺរ៉ុប អាមេរិក និងរុស្ស៉ី ដែលជាភាគីតតាំងគ្នា នឹងខ្ទេចខ្ទាំដោយបំផ្លុះគ្រាប់បរមាណូ ហើយមិនអាចបញ្ចប់សង្គ្រាមបានទេ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន មិនអាចបញ្ចប់ដោយសង្គ្រាមបានទេ មានតែការចរចាប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម៕

crt

Leave a Reply

Your email address will not be published.