ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ស្មារតី៧មករា បន្ដស្ថិតក្នុងបេះដូងខ្មែរគ្រប់រូប, ៧មករា ប្រែក្លាយទឹកដីកម្ពុជា ពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រងនាពេលបច្ចុប្បន្ន 

សម្ដេចតេជោ ហ៊ុន សែន៖ ស្មារតី៧មករា បន្ដស្ថិតក្នុងបេះដូងខ្មែរគ្រប់រូប, ៧មករា ប្រែក្លាយទឹកដីកម្ពុជា ពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រងនាពេលបច្ចុប្បន្ន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

 

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យជម្នះ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត បានធ្វើឲ្យរាល់តម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ត្រូវបានកសាងពូនជ្រុំ នៅក្នុងប្រវត្តិសាស្ដ្ររាប់ពានឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ។

 

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ជ័យជម្នះ៧មករា បានផ្ដល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នកស្រលាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ៧មករា។

 

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថា ផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខឥតឈប់ឈរ តាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញខ្ទេចខ្ទី ទៅជាទឹកដីដែលមានសន្ដិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

 

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ភាពពិតជាក់ស្ដែងទាំងនេះ បានបញ្ជាក់ច្បាស់អំពីការផ្លាស់ប្ដូរដ៏ធំធេងជាប្រវត្តិសាស្ដ្ររបស់ម្ពុជា ដែលកើតពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាក់ថ្នាក់, ពីការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការចូលរួមនៃវិស័យឯកជន និងសង្គមស៉ីវិល ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្ដាប្រទេសជាតិមិត្តជិតឆ្ងាយ និងសហគមន៍អន្ដរជាតិ។

 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ស្មារតី ៧មករា ស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត យើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាពួនព្រុំស្មារតី ៧មករា ឲ្យកាន់តែរឹងមាំ និងភ្លឺចែងចាំងជានិច្ច។ ៤៤ឆ្នាំកន្លងទៅនេះ គឺជា៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំ នៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយវីរភាព និងជា៤៤ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា»។

 

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ការពុះពាររបស់យើង បានកែប្រែមាតុភូមិពីទឹកដីមរណៈ មកជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និងពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចបាននូវសមិទ្ធលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតជាថ្មីនូវសង្គ្រាម ការបែកបាក់ជាតិ និងអំពើប្រល័យពូសាសន៍ដូចពីអតីតកាល។

 

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា ប្រជាជាតិមួយដែលមានឯកភាពជាតិ ប្ដូរផ្ដាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួន មិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យឡើយ ដូច្នេះត្រូវរួមគ្នារក្សាពូនព្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឲ្យបានគង់វង្ស និងរឹងមាំគ្រប់កាលៈទេសៈ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្ដេជ្ញាដាច់ខាតការពារសន្ដិភាព និងឯកភាពជាតិដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឲ្យជនណា ឬអនុភាពណាមកបំផ្លាញបានឡើយ។

 

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនស្វែងរកសន្ដិភាព ជូនជាតិ និងប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវាបន្ដបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្ដរាយជាថ្មីទៀតសម្រាប់ប្រជាជាតិយើង។ ជនណា ឬគណបក្សនយោបាយណា ដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេល បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន៕

crt

Leave a Reply

Your email address will not be published.